Connect with us

ព័ត៌មាន

អត្តពលិកជិត ២ពាន់នាក់ នឹងចូលរួមជិះកង់-រត់ អបអបខួប ៩ឆ្នាំ នៃការ​បញ្ចូល​ប្រាសាទ​សំបូរ​ព្រៃគុក ​ក្នុង​បញ្ជី​បេតិកភណ្ឌ ចុងសប្ដាហ៍នេះ

ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី៩ ​នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦) នឹងមកដល់នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ ដោយ​មាន​អត្តពលិកជាតិ និងអន្ដរជាតិយ៉ាងហោចជិត ២ពាន់នាក់ចូលរួម។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឲ្យដឹងថា មកទល់ពេលនេះ ការ​ចុះ​ឈ្មោះត្រូ​វបានបិទ ខណៈតួរលេខអត្តពលិក ដែលបានចុះឈ្មោះ​តាមរយៈ​ការ​ជូន​ដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍ និងដៃគូពាក់ព័ន្ធ សម្រាប់កម្មវិធីជិះកង់កញ្ចប់ខ្សែទស្សនកិច្ចចម្ងាយ ៣០​គីឡូ​ម៉ែត្រ ​មានអ្នកចុះឈ្មោះប្រមាណ ៦០០នាក់ មកពី ៤ប្រទេស រួមមានអាល្លឺម៉ង់ អាហ្សេរី ទុយណេស៊ី ​និងកម្ពុជា។

ចំណែកអត្តពលិក ត្រៀមចូលរួមរត់ឆ្លងកាត់ឧបសគ្គ លើវិញ្ញាសាទាំង ៣ រួមមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ គឺមានអ្នកចុះឈ្មោះប្រមាណជាង ១ពាន់នាក់ មកពី ១៧ប្រភេទ ដូចជាបារាំង អាមេរិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី រុស្ស៊ី ចិន ហុងកុង ញូហ្សឺលែន វៀតណាម ហ្វីលីពីន ស្រីលង្កា ឈឺលី ហូឡង់ ជប៉ុន មីយ៉ាន់ម៉ា អ៊ុយក្រែន និងម្ចាស់ផ្ទះកម្ពុជា។

បែបនេះក្ដី ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មការរៀបចំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្តកំពង់ធំ នៅតែបើកជំហរ និងជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចូលរួមឲ្យបានច្រើនកុះករ ទាំងការចូលរួមផ្ទាល់ និងការអបអរសាទរតាមដងផ្លូវ ដ្បិតការចូលរួមសកម្មភាពកីឡានេះ មិនត្រឹមបានលើកកម្ពស់សុខភាពសាធារណៈ តែក៏ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់ទេសចរណ៍ដ៏មានសារៈសំខាន់នេះផងដែរ។

គួរដឹងថា នេះជាលើកដំបូង ដែលក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវិស័យឯកជន បានរៀបចំព្រឹត្តិការណ៍កីឡាធំៗព្រមគ្នា ក្នុងគោលបំណងសំខាន់ ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌ ធម្មជាតិ ដើម្បីជំរុញកំណើនភ្ញៀវទេសចរនារដូវកាលបៃតង។

ជាមួយព្រឹត្តិាករណ៍កីឡាទេសចរណ៍ដ៏ធំនេះ គ្រោងនឹងមានថ្នាក់ដឹកនាំជាច្រើនចូលរួម ។ ចំពោះកម្មវិធីជិះកង់ នាព្រឹកថ្ងៃទី៥ ខែកក្កដាចុងសប្ដាហ៍នេះ គឺត្រូវចេញដំណើរពីគល់ស្ពានស្ទឹងសែន ឆ្ពោះទៅសហគមន៍លក់ក្រឡាន សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មុនបញ្ចប់នៅប្រាសាទសំបូរព្រៃគុក ព្រមទាំងកម្មវិធីរត់ឆ្លងកាត់ឧបសគ្គចម្ងាយ ៤២គីឡូម៉ែត្រ ដែលចេញដំណើរពីគល់ស្ពានស្ទឹងសែន ទៅបញ្ចប់នៅប្រាសាទសំបូរព្រៃគុក លើកលែងការរត់ចម្ងាយ ២១គីឡូម៉ែត្រ និង ៩គីឡូម៉ែត្រ ដែលត្រូវរៀបចំកម្មវិធីរត់នៅតំបន់ប្រាសាទសំបូរព្រៃគុកផ្ទាល់តែម្ដង៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia