ព័ត៌មាន
សហព័ន្ធគុនខ្មែរ កោះប្រជុំសាលាគុន និងក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច ឆ្លើយតបសន្ទុះរីកចម្រើន
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោះប្រជុំជាមួយសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស ដើម្បីពង្រឹងតួនាទីភារកិច្ច និងរចនាសម្ព័ន្ធគ្រប់គ្រងឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងរហ័សរបស់ក្បាច់គុនអត្តសញ្ញាណជាតិទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ថ្លែងក្នុងកិច្ចប្រជុំនៅសាលាប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ មានប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលសហព័ន្ធបានកោះប្រជុំទ្រង់ទ្រាយធំ ដោយមានការចូលរួមពីសាលាគុន និងសមាគម/ក្លិបទូទាំងប្រទេស។
លើសពីការជួបសំណេះសំណាល ឯកឧត្តមបានចាត់ទុកនេះជាការជួបជុំដ៏សំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាព ក៏ដូចជាណែនាំបន្ថែមលើការរៀបចំឯកសារគតិយុត្តិផ្សេងៗឡើងវិញ ដើម្បីធានាភាពស្របច្បាប់ និងងាយស្រួលក្នុងការគ្រប់គ្រង ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលវិស័យកីឡាប្រដាល់គុនខ្មែរ កំពុងមានសន្ទុះរីកចម្រើនខ្លាំង ទាំងក្របខណ្ឌក្នុងប្រទេស និងលើឆាកអន្ដរជាតិ រហូតគ្រប់បណ្ដាទ្វីបលើពិភពលោក។
ឆ្លើយតបនឹងភាពរីកចម្រើនដ៏សម្បើមនេះ គួបផ្សំការកកើតក្លិបនៅកម្ពុជា មានកំណើនគួរឲ្យកត់សម្គាល់ផង ចាំបាច់សហព័ន្ធចាំបាច់ត្រូវពង្រឹងនូវលក្ខន្ដិកៈ បទបញ្ជាផ្ទៃក្នុង ព្រមទាំងបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ដល់សាលាគុន និងសមាគម/ក្លិបទាំងអស់ ដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ឲ្យស្របតាមនិយាមវាយតម្លៃសហព័ន្ធកីឡាជាតិ ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញកាលពីថ្មីៗ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍសហព័ន្ធកីឡាជាតិទាំងផ្នែកគ្រប់គ្រង បច្ចេកទេស និងគុណផលកីឡា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។
លោក ទុយ ប៊ុនហឿន អនុប្រធាន និងអនុគណៈកម្មការ អភិវឌ្ឍសមាគម សាលាគុន និងក្លិប បានបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធ មានសាលាគុន សមាគម/ក្លិបជាសមាជិកសរុបចំនួន ១៣៩ ក្នុងនោះក្លិបមានសុពលភាព និងមានឯកសារចំនួន ៧៥ ខណៈក្លិបអស់សុពលភាព និងពុំមានឯកសារចំនួន ៦៤ ។ ចំណែកអត្តពលិកសរុប មានចំនួន ១,១០៤នាក់ ព្រមទាំងមន្ត្រី គ្រូបង្វឹកក្លិបសរុបចំនួន ៦៦៤នាក់ សរុបរួម ចំនួន ១៧៦៨នាក់។
ប៉ុន្ដែនៅក្នុងសមាសភាពមន្ត្រី គ្រូបង្វឹកក្លិប និងកីឡាករ-កីឡាការិនី នៅមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណកីឡា និងសៀវភៅកត់ត្រាការប្រកួតឡើយ ដែលជាហេតុធ្វើឲ្យថ្នាក់ដឹកនាំក្លិបមួយចំនួន នៅមិនទាន់យល់ច្បាស់ពីតួនាទីភារកិច្ចជាសមាជិករបស់សហព័ន្ធ នាំឲ្យមានផលប៉ះពាល់ដល់ដំណើរនៃការដឹកនាំគ្រប់គ្រងរបស់សហព័ន្ធ និងបង្កជាប៉ះពាល់ផ្សេងៗទៀត។ ដូច្នេះសហព័ន្ធសង្ឃឹមក្រោយការប្រជុំលើកនេះ សាលាគុន និងសមាគម/ក្លិបទាំងអស់ នឹងស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួន ហើយចូលរួមអនុវត្តកាន់តែមានប្រសិទ្ធនូវលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធ៕ អត្ថបទ លី ឈុនឡា





-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា7 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត