Connect with us

ព័ត៌មាន

កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨០០គ្រួសារ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ តបតាមសំណើរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ជាក់ស្តែងនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា រួមដំណើរដោយ ឯកឧត្តម កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារមកពីទីស្នាក់ការកណ្តាល ក្រុមការងារសាខា អនុសាខា យុវជន និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៨០០គ្រួសារ មកពីភូមិចំនួន៨ ក្នុងឃុំឈូក នៃស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីចែកអំណោយនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តឧប្បលវតី ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក សយ ទូច អភិបាលស្រុក និងជាប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រូចឆ្មារ បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅ និងបានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៨០០គ្រួសារ ដែលមកទទួលអំណោយនាពេលនេះ គឺមកពីភូមិចំនួន៨ រួមមាន៖ ភូមិឈូក, ភូមិផ្កាដូង, ភូមិបារ៉ាយ, ភូមិក្របីក្រៀក, ភូមិច្រវ៉ាក់ដែក, ភូមិរួមវិញ, ភូមិស្រះត្រកូន និងភូមិបុសស្វាយ។ ក្រៅពីការជួយសង្គ្រោះជនងាយរងគ្រោះ កន្លងមកអនុសាខាស្រុកបានអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗដល់គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ២លើក (ស្មើនឹង ១៣ខ្នងផ្ទះ) ព្រមទាំងបាននាំយកអំណោយជួយដល់គ្រួសារទីទ័លក្រ ជនពិការ និងគ្រួសារភៀសសឹកផងដែរ។ ក្នុងនាមរដ្ឋបាលស្រុក និងប្រជាពលរដ្ឋសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តមនុស្សធម៌ដ៏ប្រពៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹក និងមនោសញ្ចេតនាស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុកនរណាម្នាក់ចោលឡើយ ហើយអំណោយទាំងអស់ដែលយកមកចែកជូនពេលនេះគឺបានមកពីការបរិច្ចាគរបស់សប្បុរសជនក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។ ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិតក៏បាននាំនូវសារអំពាវនាវសំខាន់ៗរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ ក្នុងនោះសូមឱ្យបងបង្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបង្ការជំងឺឆ្លង និងជំងឺមិនឆ្លង៤ប្រភេទមានដូចជា (ជំងឺបេះដូងសរសៃឈាម, មហារីក, ផ្លូវដង្ហើមរ៉ាំរ៉ៃ និងទឹកនោមផ្អែម)​ តាមរយៈការបរិភោគ តិចខ្លាញ់ តិចស្ករ និងតិចអំបិល។ សូមស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់យ៉ាងតិច ៤ដង ដើម្បីបង្ការការឆ្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន និងត្រូវនាំកូនតូចទៅទទួលថ្នាំបង្ការតាមកំណត់។ ជាមួយនេះសូមបងប្អូនទាំងអស់ចូរមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនារដូវវស្សាដូចជាខ្យល់កន្ត្រាក់ ផ្គររន្ទះ និងគ្រោះថ្នាក់ដោយការលង់ទឹក។ បន្ថែមលើនេះត្រូវប្រុងប្រយ័ត្នចំពោះបាតុភូត «អែលនីញ៉ូ» (El Niño) ដោយក្នុងឆ្នាំ២០២៦នេះ ការប្រែប្រួលអាកាសធាតុអាចបង្កឱ្យមានកម្តៅហួតហែងអូសបន្លាយ និងគ្រោះរាំងស្ងួតកើតឡើង។ លោកវេជ្ជបណ្ឌិតបានណែនាំវិធានការគន្លឹះចំនួន៦ចំណុចដើម្បីការពារខ្លួនពីរលកកម្តៅកើនឡើង៖ ១.ការពារខ្លួនពីអាកាសធាតុក្តៅខ្លាំង (Heat exhaustion និង Heat stroke) ២. បង្ការការខ្សោះជាតិទឹកដោយពិសាទឹកស្អាតឱ្យបានច្រើនដង ៣.រក្សាសុវត្ថិភាពចំណីអាហារ និងអនាម័យខ្លួនប្រាណ ៤. ថែទាំសុខភាពផ្លូវដង្ហើម ចៀសវាងការដុតកាកសំណល់បង្កផ្សែងនិងធូលី ៥. កាត់បន្ថយជំងឺបង្កដោយមូសខាំដោយលុបបំបាត់ប្រភពទឹកដក់ ៦.យកចិត្តទុកដាក់លើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពសហគមន៍ (ជាពិសេសមិនត្រូវទុកកុមារចោលក្នុងរថយន្តឡើយ)។

សូមបញ្ជាក់ថា អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ២ដប, សាប៊ូកក់សក់ ២ដប, ឃីត ១កញ្ចប់ (សារុង ក្រមា មុង ភួយ) និងថវិកា២០.០០០រៀល។ ជាមួយគ្នានេះ ក្រុមការងារបាននាំមកជាមួយនូវទេយ្យវត្ថុ និងបច្ច័យសម្រាប់ប្រគេនវត្តឧប្បលវតី ភូមិឈូក រួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ៥កេស, ត្រីខ ១កេស, ប្រេងឆា ២កេស, ទឹកត្រី ៤យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ទឹកដោះគោប្រអប់ ៥កេស, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស ព្រមទាំងបច្ច័យចំនួន ៥លានរៀល។ ប្រគេនព្រះគ្រូចៅអធិការវត្តបច្ច័យ ២លានរៀល និងព្រះសង្ឃ ១២អង្គ ក្នុងមួយអង្គទទួលបានបច្ច័យ៤០ម៉ឺនរៀល។ ដោយឡែក លោកយាយជី លោកតាជី ដែលបានចូលរួមក្នុងពិធីនោះ ក៏ទទួលបានក្រណាត់ស ១ដុំ (អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ) ព្រមទាំងថវិកាមួយចំនួន។

សូមជម្រាបជូនដែរថា កម្មវិធីមនុស្សធម៌នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្នុងការជួយសម្រាលការលំបាកចំពោះមុខរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨០០គ្រួសារ នៅស្រុកក្រូចឆ្មារ។ ក្រៅពីការផ្តល់ជំនួយជាស្បៀងអាហារនិងថវិកា ព្រឹត្តិការណ៍នេះជាយុទ្ធនាការផ្សព្វផ្សាយអប់រំដ៏មានសំខាន់មួយ ដើម្បីលើកកម្ពស់ការយល់ដឹងពីសុខភាពមាតានិងទារក ការបង្ការជំងឺរ៉ាំរ៉ៃ និងការត្រៀមលក្ខណៈបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុដ៏ក្តៅហួតហែង (បាតុភូត El Niño) ក្នុងឆ្នាំ២០២៦ នេះផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia