Connect with us

ព័ត៌មាន

គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ បានរួមចំណែកជួយលើបញ្ហាខ្វះគ្រូបង្រៀនតាមសាលារយៈ​ពេល​ជិត​មួយឆ្នាំហើយ

គ្រូ​បង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ កាលពីចុងឆ្នាំ ២០២៥ បច្ចុប្បន្ន បានបំពេញការងារ រួមចំណែកជួយដល់ការបង្រៀនសិស្ស នៅតាម​សាលា​ដែល​ខ្វះ​គ្រូ​បង្រៀន​ បានរយៈពេលជិត ១ឆ្នាំហើយ​។ សាលារៀនគោលដៅទាំងនោះ មានស្ថិតនៅ​ក្នុង​ភូមិ​សាស្ត្រខេត្តតាកែវ បាត់ដំបង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ចាម​។

វត្តមាន​គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជំនាន់ទី ១ ដែលបានប្រឡងជាប់ភ្លាម ចេញ​បង្រៀន​ភ្លាម បង្រៀនផង រៀនផងពីវិធីសាស្ត្របង្រៀន បច្ចុប្បន្ន បានបំពេញការងារ ជួយ​បង្រៀន​សិស្ស​តាម​សាលាបឋមសិក្សាខ្វះគ្រូបង្រៀន បានរយៈពេលជិត ១ឆ្នាំហើយ។ បង្រៀន​ចាប់​ផ្ដើម​តាំង​ពីការចាប់ផ្ដើមនៃបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកា ឆ្នាំ ២០២៥។

ជាក់ស្ដែងសម្រាប់សាលាបឋមសិក្សាត្រពាំងក្រូច ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្ន​មាន​គ្រូប​ង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារចំនួន ១០នាក់ ជួយលើការបង្រៀនសិស្ស។ សាលា​រៀន​មួយនេះ ជួបបញ្ហាខ្វះគ្រូបង្រៀនរយៈពេលជាង ១០ឆ្នាំមកហើយ ដោយកន្លងទៅ សាលា​ត្រូវ​បង្រៀន​ផ្គួប​ថ្នាក់ សិស្សលើសចំនួនកំណត់ គ្រូត្រូវបង្រៀនពីរវេន ត្រូវស្នើសុំគ្រូមក​ពី​សាលា​ផ្សេង​ដើម្បី​ជួយ​បង្រៀន ហើយនាយក នាយករង ក៏ត្រូវបង្រៀនសិស្សដោយផ្ទាល់ផងដែរ។

គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបានជួយ​លើ​ការ​ងារ​បង្រៀន​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​នេះ ​បង្ហាញ​នូវក្ដីពេញ សប្បាយចិត្ត ពោពេញដោយក្ដីមោទនភាព ដែលខ្លួន បានរួម​ចំណែក​ចូល​រួម​លើ​ការ​ងារបណ្ដុះធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា។ ពួកគេបំពេញការងារ ចេញ​ពី​បេះដូ​ង ​ដោយមានគោលបំណងរួមសំខាន់មួយគឺ កសាងធនធានមនុស្សដែលមានសមត្ថភាព មាន​ចំណេះដឹង សម្រាប់ការរីកចម្រើនរបស់ជាតិ។

លោកគ្រូ បៀន ហុល នាយកសាលាបឋមសិក្សា ត្រពាំងក្រូច បានលើកឡើងដែរថា វត្តមានគ្រូបង្រៀន​ផ្អែក​លើកិច្ចព្រមព្រៀងការងារទាំង ១០រូប ពិតជាបានរួមចំណែកជួយសម្រួល​ដល់​ដំណើរ​ការ​សិក្សា​នៅសាលារបស់លោក។ គ្រូបង្រៀនមិនចាំបាច់បង្រៀនពីរវេនដូចមុន សិស្ស​មួយ​ថ្នាក់​ក៏មានចំនួនដល់ ៦០ទៅ ៧០នាក់ដូចមុន ហើយសាលា​ក៏​មិន​បាន​ស្នើ​សុំ​គ្រូ​មក​ពី​សាលា​រៀន​ដទៃ​ទៀតដែរ។ ក្នុងនាម ជាគណៈគ្រប់គ្រងសាលា លោកគ្រូ ពិតជាសប្បាយចិត្ត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាននេះ។

ពាក់ព័ន្ធនឹង​បញ្ហាខ្វះគ្រូបង្រៀននេះដែរ ក្នុងឆ្នាំ ២០២៦នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងនាពេលថ្មីៗនេះដែរថា នឹង​មាន​ការ​ប្រឡង​ជ្រើស​រើសគ្រូបង្រៀនជាង ៥ពាន់កន្លែង៕ អត្ថបទ៖ គឹម ហុក

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia