ព័ត៌មាន
កាកបាទក្រហម ផ្តល់អំណោយ និងអាហារដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ ផ្តល់អាហារ និងអំណោយមនុស្សធម៌លើកទី៥ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានកុមារកំព្រា ១២០នាក់ និងបុគ្គលិក ១៦នាក់ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងនូវការកោតសរសើរ ចំពោះសមាគមដែលប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យរីកចម្រើនជាលំដាប់ ជាពិសេសប្រធានសមាគមទាំងពីរនាក់ (ប្តី-ប្រពន្ធ) ដែលមានប្រវត្តិជាក្មេងកំព្រាដែរ បានលះបង់កម្លាំងកាយចិត្ត ប្រកបដោយក្តីស្រឡាញ់ចំពោះកុមារទាំងអស់ ផ្តល់ការថែទាំ ផ្តល់អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀនយ៉ាងទៀងទាត់ បង្ហាត់បង្រៀនកុមារឱ្យមានវិន័យ មានទម្លាប់រស់នៅល្អ និងមានសុជីវធម៌ ព្រមទាំងស្វះស្វែងចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។

ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗចៅៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមក គោរពវិន័យ ចេះស្តាប់បង្គាប់ កសាងខ្លួនប្រកបដោយគុណធម៌ និងសីលធម៌ និងត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យពូកែ ដើម្បីអនាគតរុងរឿង ហើយក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សរបស់សង្គមជាតិ។
កុមារនិងបុគ្គលិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់កុមារកំព្រាជាបន្តបន្ទាប់។ កុមារទាំងអស់បានថ្លែងព្រមៗគ្នាដោយក្តីរំភើបថា «ខ្ញុំស្រឡាញ់លោកយាយ ប៊ុន រ៉ានី ហ៊ុនសែន, ខ្ញុំស្រឡាញ់សន្តិភាព, ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។

សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនសមាគមនាពេលនេះរួមមាន ៖ អង្ករ១៥០០គីឡូក្រាម, អង្ករសុខភាព១០កេស, មី៣០កេស, ត្រីខ៤០០កំប៉ុង, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ឃីត (សារុង ក្រមាមុង ភួយ) ៤០កញ្ចប់ និងថវិកា១០លានរៀល រួមជាមួយអាហារថ្ងៃត្រង់ ១៨តុ រួមមាន៖ សម្លនំបញ្ចុកខ្មែរ ការីនំប៉័ង និងបង្អែម។ ការចុះសួរសុខទុក្ខ និងចែកអំណោយនៅក្នុងសមាគមនេះគឺ ជាជាលើកទី៥ហើយ សម្រាប់ទីស្នាក់ការកណ្តាលដោយគិតចាប់តាំងពីឆ្នាំ២០១៧មក។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងចែកអំណោយដល់សមាគមនេះ សរុបចំនួន ១១លើក ផងដែរ ចាប់តាំងពីឆ្នាំ២០១៩រៀងមក៕
អត្ថបទៈ សំ ងីម





















-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា