Connect with us

ព័ត៌មាន

សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងក្នុងខេត្តកណ្តាលត្រូវបានអនុវត្តវិធានការច្បាប់ ដើម្បីទប់ស្កាត់ការបំពុល​បរិស្ថាន

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ លោក ឡៅ គឹមឈី អនុប្រធាន​នាយកដ្ឋាន​អធិការ​កិច្ច​ និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានដឹកនាំមន្រ្តីជំនាញ និង​មន្ទីរ​បរិស្ថាន​ខេត្ត​កណ្តាល បានចុះត្រួតពិនិត្យសិប្បកម្មកែច្នៃប្លាស្ទិក ស្ថិតនៅភូមិព្រែកសំរោង សង្កាត់​រកា​ខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងបានរក​ឃើញ​ករណី​មិន​បាន​គោរព​បទ​ដ្ឋាន​គតិយុត្ត​ទាក់​ទង​នឹងវិស័យបរិស្ថានត្រឹមត្រូវ។

ក្រុមការងារបានចាត់វិធានការឱ្យសិប្បកម្ម ត្រូវបញ្ឈប់​បង្ហូរ​សំណល់​រាវ​ចេញ​ពី​ការ​លាង​សម្អាត​ប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្ម​ត្រូវ​រៀបចំ​របាយ​ការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងត្រូវរៀបចំ​អាង​ប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់សំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក។ លើសពីនេះ សិប្បកម្មត្រូវធ្វើការស្តារកំសំណល់ប្លាស្ទិកប្រមាណ ១០០ម៉ែត្រគូប ឱ្យក្រុមហ៊ុនដឹកជញ្ជូន ដឹកចេញដោយក្រុមហ៊ុនផ្តល់សេវាដែលមានអាជ្ញាបណ្ណពីក្រសួងបរិស្ថាន និងត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់ នៅក្រសួងបរិស្ថាន។

លើសពីនេះ ក្រសួងបរិស្ថានបានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យសិប្បកម្មបញ្ឈប់បង្ហូរសំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក និងទឹកស្អំសរសៃប្លាស្ទិក ចូលប្រភពទឹកសាធារណៈ។ ជាមួយគ្នានេះ សិប្បកម្មត្រូវរងពិន័យអន្តរការណ៍ លើករណីដូចជា៖

– ពុំមានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង យោងតាមមាត្រា ៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

– ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំំណល់រាវចេញពីការលាងសម្អាតប្លាស្ទិក យោងតាមមាត្រា ២៨៧នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

– ពុំមានលិខិតអនុញ្ញាតបញ្ចេញសំណល់ យោងតាមមាត្រា ១៧៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ

។និងសិប្បកម្មត្រូវផ្តល់សំណងការខូចខាតដល់បរិស្ថាន និងសុខភាពសាធារណៈតាមការគណនាជាក់ស្តែងរបស់មន្ត្រីជំនាញ អនុលោមតាមមាត្រា ១៦២ និងមាត្រា១៦៣នៃក្រមបរិស្ថាននិងធនធានធម្មជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia