ព័ត៌មាន
ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះមានការការពារសន្តិសុខខ្ពស់ពីកងកម្លាំងរបស់កម្ពុជា
ព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តក្រចេះ គិតចាប់តាំងពីមុន និងក្រោយពេលបោះបង្គោលព្រំដែនរួចរាល់១០០ភាគរយ គឺមានការការពារដែនអធិបតេយ្យភាព និងសន្តិសុខខ្ពស់ពីកងកម្លាំងនគរបាលការពារព្រំដែនគោក និងកងកម្លាំងយោធាការពារព្រំដែនយ៉ាងតឹងរឹងបំផុត។
ក្នុងពេលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេសប្រតិកម្មចំពោះការបំភ្លៃ និងចោទប្រកាន់ខុសការពិតទាក់ទងនឹងការបាត់ទឹកដីពីខេត្តចំនួន៤ តាមរយៈកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ក្រុមការងាររបស់ BTV បានចុះទៅដល់តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងក្រចេះ ដើម្បីជួបជាមួយកងកម្លាំងការពារព្រំដែនដែលកំពុងឈរជើងនៅតំបន់នោះ។ ក្នុងនោះលោកវរសេនីយ៍ទោ ឃុន ម៉ន មេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ បានឱ្យដឹងថា ក្នុងនាមកងកម្លាំងនគរបាលការពារព្រំដែនគោលលេខ៦១៩ បានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងការបញ្ជាផ្ទាល់របស់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្នុងការបំពេញតួនាទី និងភារកិច្ចការពារដែនដី អធិបតេយ្យភាពរបស់កម្ពុជាតាមបន្ទាត់ព្រំដែន ដោយអនុវត្តបំពេញតួនាទី ភារកិច្ចចុះល្បាតទៅតាមសមត្ថកិច្ចរៀងៗខ្លួនជារៀងរាល់ថ្ងៃ។
ជាមួយគ្នា ទាក់ទងនឹងការបំភ្លៃ ក៏ដូចជាចោទប្រកាន់ចំពោះការបាត់ដីតាមបន្ទាត់ព្រំដែនក្នុងខេត្តក្រចេះ លោកមេបញ្ជាការរងនគរបាលការពារព្រំដែនគោល៦១៩ អះអាងថា កងកម្លាំងទាំង២ប្រភេទការពារតាមបន្ទាត់ព្រំដែនតាមម៉ឺងម៉ាត់បំផុត ហើយសភាពការណ៍តាមព្រំដែន រួមទាំងបង្គោលព្រំដែននៅមានសភាពដូចដើមដដែល។
សូមជម្រាបថា ខេត្តក្រចេះដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាមប្រវែង១០៣គីឡូម៉ែត្រនេះត្រូវបានបោះបង្គោលព្រំដែនបញ្ចប់រួចរាល់១០០ភាគរយកាលពីឆ្នាំ២០១៧ ហើយតាមបន្ទាត់ព្រំដែន និងបង្គោលព្រំដែនទាំងអស់ត្រូវបានការពារធានាសន្តិភាព សន្តិសុខ និងស្ថិរភាពយ៉ាងតឹងរឹងបំផុត ដើម្បីការពារបូរណភាពទឹកដី ព្រមទាំងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមបន្ទាត់ព្រំដែនទទួលបានជីវភាពល្អប្រសើរ និងការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់៕ អត្ថបទ សេក ឧត្តម

-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន4 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS6 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន6 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន5 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត