ព័ត៌មាន
កម្មការិនីរោងចក្រ៖ «បើសិនអត់មាន ប.ស.ស ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ»
ស្វាយរៀង៖ កម្មការិនី ប៊ុន សម្ភស្ស ធ្វើការនៅរោងចក្រ Elite ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ខេត្តស្វាយរៀង លើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជួយរូបនាងឱ្យរួចផុតពីចង្កូមមច្ចុរាជហើយបានវិលត្រឡប់មកជួបជុំកូនៗ និងឪពុកម្តាយវិញ ក្រោយពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំប្រហែលអត់មានជីវិតដល់សព្វថ្ងៃនេះទេ បើសិនអត់មាន បសស ជួយ និយាយទៅ បសស មានគុណសម្បត្តិខ្លាំងហ្មង បានជួយជីវិតខ្ញុំដល់សព្វថ្ងៃហ្នឹង»។
កម្មការិនី ប៊ុន សម្ភស្ស បានប្រាប់ថា ពេលត្រឡប់មកពីទីរួមខេត្តស្វាយរៀងដើម្បីទិញថ្នាំឱ្យកូន កាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូត្រូវរបួសធ្ងន់ត្រង់ផ្ទៃមុខ និងមានឈាមកកក្នុងខួរក្បាល ដែលត្រូវបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅរាជធានីភ្នំពេញ។

អ្នកស្រីលើកឡើងថា សេវាពេទ្យ បសស មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសម្រួលឱ្យឆាប់បានចូលព្យាបាល ហើយក្រុមគ្រួពេទ្យមានការយកចិត្តទុកដាក់មើលថែអ្នកជំងឺ ផ្ទុយពីអ្វីដែលធ្លាប់លឺកន្លងមកថា ការប្រើ បសស មានភាពយឺតយ៉ាវ ពេទ្យមិនសូវយកចិត្តទុកដាក់។

សម្ភស្សនិយាយថា៖«ពេទ្យ បសស ជួយបានច្រើន រហ័សរហួន រត់ការឱ្យយើងភ្លាមៗ ខ្លាចយើងបាត់បង់ជីវិត ហើយសម្បីតែយើងហៅគាត់ ក៏ស្ទុះមកភ្លាមៗដែរ រត់មករកយើង ក្រែងលោយើងខ្វះខាតអី គាត់លឿនណាស់ខាង បសស»។
លោក សុខ មនោ អាយុ៥៤ឆ្នាំ ត្រូវជាឪពុករបស់សម្ភស្ស បាននិយាយថា ពេលកើតហេតុបានឃើញកូនស្រីរបស់លោកសន្លប់បាត់ស្មារតី ត្រូវរបួសធ្ងន់ បែកមុខរយះរហែកសាច់ បែកក្បាលហូរឈាម ប្រឡាក់ពេញមុខ គួរឱ្យខ្លោចផ្សា។ ភ្លាមៗក៏លោកបានបញ្ជូនកូនស្រីទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីពិនិត្យព្យាបាល។

លោកបន្តថា ពេលទៅដល់មន្ទីរពេទ្យបបង្អែកខេត្ត ក្រុមគ្រូពេទ្យបានដេរមុខរបួសលើផ្ទៃមុខ រួចក៏បានស្កែនពិនិត្យទើបដឹងថា មានឈាមហូរចូលក្នុងខួរក្បាលមិនអាចបន្តទុកព្យាបាលត្រឹមមន្ទីរពេទ្យខេត្តបាន ក៏បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ។ បុរសជាឪពុកបានប្រាប់ថា នេះជាសំណាង១ក្នុង១ពាន់គ្រោះថ្នាក់ដែលកូនរបស់លោកបានរួចផុតពីចង្កូមមច្ចុរាជ និងគេចផុតពីការជំពាក់បំណុលគេពេលឈឺធ្ងន់ ដោយសារតែមាន បសស។
លោកនិយាយថា៖«បសស ជួយតាំងពីការដេរ តាំងពីការសម្អាតរបួស តាំងពីស្កែន តាំងពីការធ្វើដំណើរដោយឡានពេទ្យ រហូតដល់ភ្នំពេញនៅពេទ្យរុស្ស៊ី តាំងពីការថតកាំរស្មី តាំងពីអេកូ មើលឈាមមួយកំប្លេទាំងអស់នៅហ្នឹង គឺយើងមានតែតួនាទីរត់ទៅ ព្រោះ បសស ជាអ្នកជួយចំណាយអ្វីៗទាំងអស់ហ្មងយើងគ្រាន់តែបានបំពេញបែបបទទៅ។»

រីឯអ្នកស្រី រ័ត្ន សារិត អាយុ៥៤ឆ្នាំ ត្រូវជាម្តាយបានប្រាប់ថា ពេលទទួលដំណឹងភ្លាមអ្នកស្រីភ័យស្លន់ស្លោស្ទើរតែបាត់បង់ស្មារតី ខ្លាចបាត់បង់កូនជាទីអាណិតស្រលាញ់ផង បារម្ភពីបញ្ហាថវិកាបង់ថ្លៃព្យាបាលទៅមន្ទីរពេទ្យផង ព្រោះភ្លាមៗមិនដឹងត្រូវទៅរកប្រាក់ឯណាបាន។
អ្នកស្រីលើកឡើងថា៖«ភ័យមែនទែន អត់មាន១រៀលក្នុងខ្លួនផង ពីរនាក់ប្តីប្រពន្ធភ័យមែនទែន ខ្ចីបងប្អូនក៏មិនទាន់គ្មានលុយតែម្តង ឃើញកូនអ៊ីចឹងរន្ធត់មែនទែន។»
ពេលឃើញកូនកំពុងតែក្រលំបាកហើយជួបគ្រោះថ្នាក់បែបនេះ ធ្វើឱ្យអ្នកស្រីនឹកឃើញគ្រាមួយដែលខ្លួនធ្លាប់ជួបបញ្ហាដោយសារតែជំងឺ គឺមានពេលមួយនោះអ្នកស្រីធ្លាក់ខ្លួនឈឺធ្ងន់ បានលក់របស់ទ្រព្យទាំងអស់ដើម្បីយកលុយព្យាបាលខ្លួនឱ្យមានជីវិត ដើម្បីបន្តមើលថែកូនៗ។
អ្នកស្រីប្រាប់ថា៖«ធ្លាប់ពិបាកខ្លាំងខ្ញុំពិបាកខ្លាំងទៅចូលពេទ្យម្តង១ម្ជុល ១លាន អស់១៤០ ចូលមន្ទីរពេទ្យពិបាកច្រើនពេលនោះ លក់ដីស្រែអស់ អស់គោអស់ដីស្រែរលីង ធ្វើម៉េចឱ្យខ្ញុំបានរស់»។
យ៉ាងណាក៏ដោយ អ្នកស្រីបានធូរស្បើយក្នុងទ្រូង និងបាត់កង្វល់ដោយសារតែការជួបគ្រោះថ្នាក់របស់កូនមាន បសស ជាអ្នកទទួលបន្ទុកចេញថ្លៃព្យាបាល។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុនក៏បានយោគយល់អធ្យាស្រ័យបន្តឱ្យកូនអ្នកស្រីបានឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួល៦០ភាគរយទៀតផង។
បច្ចុប្បន្ន កម្មការិនី ប៊ុន សម្ភស្ស បានចេញពីមន្ទីរពេទ្យទៅបន្តការសម្រាកនៅផ្ទះ ដោយសភាពជំងឺកាន់តែធូរស្បើយឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សម្ភស្សអាចបន្តការមើលថែកូនៗ បង្រៀនកូនៗ និងប្រលែងលេងជាមួយកូនបន្តទៀត ខណៈឪពុកម្តាយរបស់ខ្លួន មានផ្ទះនៅក្បែរនោះបានបន្តជួយយកអាសាមើលថែ ដោយក្តីរីករាយ៕

-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់