ព័ត៌មាន
ក្រសួងកសិកម្មចាត់មន្ត្រីចុះអន្តរាគមន៍ករណីស្រូវជាច្រើនហិកតាក្នុងខេត្តពោធិ៍សាត់កំពុងជួបបញ្ហាលឿងស្លឹក និងអុចស្លឹក
ពោធិ៍សាត់៖ បន្ទាប់ពីទទួលបានពត៌មានអំពីករណីដំណាំស្រូវ (ពូជសុម៉ាលី) របស់ប្រជាពលរដ្ឋ ជាច្រើនហិកតាក្នុងស្រុកបាកាន និងស្រុកតាលោសែនជ័យ កំពុងជួបបញ្ហាឡើងលឿងស្លឹក និងអុចស្លឹក ដែលអាចបណ្តាលឱ្យបរិមាណទិន្នផលប្រឈមនិងការថយចុះខ្លះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យវាយតំលៃស្ថានភាព ផលប៉ះពាល់ និងអន្តរាគមន៍ផ្ទាល់ដល់ទីតាំងដំណាំស្រូវរបស់ប្រជាកសិករដែលកំពុងមានបញ្ហា ។
ក្នុងរយៈពេល៣ថ្ងៃ នៃការចុះពិនិត្យវាយតំលៃ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមការងារបច្ចេកទេសក្រសួងកសិកម្ម និងមន្ទីរកសិកម្មខេត្ត ជាលទ្ធផលបានបង្ហាញថា ក្នុងភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកានមានផ្ទៃដីដាំដុះ៣៤១ហិកតា ក្នុងនោះផ្ទៃដីដាំដុះពូជស្រូវសុម៉ាលីមាន២៨០ហិកតា ហើយកំពុងទទួលរងផលប៉ះពាល់ចំនួន១៥០ហិកតា ចំណែក្នុងភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ មានផ្ទៃដីដាំដុះ៧១៧ហិកតា ក្នុងនោះពូជស្រូវសុម៉ាលីមាន៥២៥ហិកតា ដោយមានការប៉ះពាល់តិចតួច ។ ជាមួយគ្នានោះក្រុមការងារបានសង្កេតឃើញថា ស្លឹកស្រូវមាន ស្នាមអុចៗ មានសភាពលឿងជាពិសេសផ្នែកខាងចុងនិងគែមស្លឹក ហើយដង់ស៊ីតេដើមស្រូវមានចំនួនច្រើន (១៨០-២០០គីឡូក្រាមក្នុង១ហិកតា) និងមានវត្តមានមមាចត្នោតតិចតួច ព្រមទាំងពពួកសត្វមានប្រយោជន៍(ស្រឹងគោក) ច្រើនផងដែរ ។ តាមការស្រាវជ្រាវប្រជាកសិករនៅក្នុងតំបន់នោះបានប្រើប្រាស់ថ្នាំដែលមានធាតុសកម្ម Paclobutrazol ដើម្បីបង្អាក់ការពន្លូតដើម និងជម្រុញការបែកគុម្ព ចំនួន០២លើក ដែលលើកទី១នៅពេលស្រូវអាយុ២០-២៥ថ្ងៃ ក្រោយដុះ ដោយលាយជាមួយជីកសិម្ម និងលើកទី២ពេលស្រូវស្ថិតក្នុងដំណាក់កាលពន្លូតដើមក្នុងបរិមាណ ១០០០-១៥០០ក្រាមក្នុង១ហិកតា ដោយមានលាយជាមួយថ្នាំកសិកម្មផ្សេងទៀត សម្រាប់ការពារនិងកម្ចាត់ជំងឺនិងសត្វល្អិតចង្រៃ ។
ជាការសន្និដ្ឋានដំណាំស្រូវដែលមានសភាពលឿងនិងស្នាមអុចស្លឹក គឺបណ្តាលមកពីប្រើប្រាស់ថ្នាំ Paclobutrazol លាយជាមួយជីនិងថ្នាំកសិកម្ម គួបផ្សំបញ្ហារអាកាសធាតុក្តៅខ្លាំងអូសបន្លាយ និងមិនមានភ្លៀងធ្លាក់ ការប្រើប្រាស់គ្រាប់ពូជ និងជីកសិកម្មលើសកម្រិតណែនាំ ។ ដោយសារបច្ចុប្បន្នមានភ្លៀងធ្លាក់ បានធ្វើឱ្យដំណាំស្រូវដែលរងផលប៉ះពាល់មានការដុះលូតលាស់ប្រសើរឡើងវិញ មិនធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទិន្នផលស្រូវនោះទេ ។
ជាមួយគ្នានោះក្រសួងកសិកម្ម ក៏ដូចជាមន្ទីរកសិកម្មខេត្តនៅតែបន្តតាមដាននិងអន្តរាគមន៍លើករណីនេះ ហើយដើម្បីទប់ស្តាត់បញ្ហាបែបនេះ ក្រុមការងារបច្ចេកទេស បានពន្យល់ណែនាំឱ្យប្រជាកសិករ -ត្រូវចុះពិនិត្យស្រែជាប្រចាំដើម្បីតាមដាននិងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា -ការប្រើប្រាស់គ្រាប់ពូជស្របតាមការណែនាំ ៨០-១២០គីឡូក្រាមក្នុង១ហិកតា -ការប្រើប្រាស់ថ្នាំនិងជីកសិកម្មឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យមានប្រសិទ្ធិភាពនិងសុវត្តិភាព -អនុវត្តពិពិធកម្មដំណាំ (ដំណាំឆ្លាស់ ឬដំណាំបង្វិល) -អនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំស្រូវ (IPM) -ក្នុងករណីដំណាំស្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ គួរប្រើប្រាស់ថ្នាំកសិកម្ម -ប្រសិនបើកសិករប្រើប្រាស់ថ្នាំកសិកម្មដែលមានធាតុសកម្ម Paclobutrazol គួរប្រើប្រាស់ឱ្យត្រូវតាមបទដ្ឋាន បច្ចេកទេស មិនឱ្យលើសកម្រិតនៃការណែនាំ ៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧