ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា ជំរុញអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តលើកកម្ពស់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងទំនើបកម្មស្ថាប័ន ដើម្បីតំណាងរាស្រ្តបម្រើពលរដ្ឋកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរហ័សទាន់ពេលវេលា
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការផ្តល់សេវារដ្ឋបាល និងបច្ចេកទេសជូនថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ផ្តល់ឱកាស និងលទ្ធភាពជូនតំណាងរាស្រ្តទាំងអស់ បានបំពេញការងារប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា ឆ្លើយតបនឹងតម្រូវការជាតិ និងប្រជាជនម្ចាស់ឆ្នោត។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃដូច្នះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ នៃដើមនីតិកាលទី៧នេះ និងលើកទិសដៅបន្តរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវក្តីសោមនស្សរីករាយដោយកិច្ចប្រជុំថ្ងៃនេះធ្វើឡើងចំពេល១ឆ្នាំគត់ ដែលរដ្ឋសភានីតិកាលទី៧ បានចេញដំណើរនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ នេះជារបត់ថ្មីមួយ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតនាខែកក្កដាឆ្នាំ២០២៣ មានពលរដ្ឋជាង៨៤% ចេញទៅបោះឆ្នោត នៅក្នុងនោះមានពលរដ្ឋជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ។ ជោគជ័យគណបក្សប្រជាជនកម្ពុជា គឺបានមកពីការគាំទ្រយ៉ាងច្រើនលើសលប់របស់ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យថ្នាក់ដឹកនាំ ពិសេស សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តផ្ទេរការដឹកនាំជូនឥស្សរជនជំនាន់ក្រោយគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយចំណេះដឹង ឈ្លាសវៃ និងប៉ិនប្រសប់ ធ្វើជានាយករដ្ឋមន្រ្តី។ ការផ្ទេរការដឹកនាំមកថ្នាក់ដឹកនាំជាយុវជនជំនាន់ក្រោយ គឺជាការផ្ទេរអំណាចមួយដោយសន្តិវិធី គ្មានហិង្សា គ្មានជម្លោះ គ្មានសង្រ្គាមក្នុងរយៈពេល ៥០០ ឆ្នាំ នៃប្រវត្តិសាស្រ្តកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានបំពេញបេសកកម្មជូនជាតិដោយភាពស្វាហាប់ មោះមុត ដូច្នេះរដ្ឋសភាក៏ត្រូវប្រឹងប្រែងឱ្យបានខ្លាំងក្លា ប្រកបដោយឆន្ទៈខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិផងដែរ។ នៅគ្រប់បេសកកម្ម និងការងាររបស់រដ្ឋសភា គឺយកពលរដ្ឋជាអាទិភាព។

អគ្គលេខាធិការដ្ឋានរដ្ឋសភា មានអង្គភាពចំណុះធំៗចំនួន៥ មានអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ អគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ និងអគ្គាធិការដ្ឋាន។ តាមរបាយការណ៍របស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំដើមអាណត្តិទី៧នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានផ្តល់សេវារដ្ឋបាល និងបច្ចេកទេស ជូនសមាជិកសមាជិកាលើគ្រប់វិស័យ ដើម្បីរដ្ឋសភាបំពេញមុខងារបម្រើប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការសម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេលមួយឆ្នាំ មិនត្រឹមជាការផ្តល់សេវាកម្មជូនរដ្ឋសភា និងតំណាងរាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវកាលានុវត្តភាព សម្រាប់អង្គភាពនីមួយៗបានសិក្សា ឈ្វេងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ព្រមទាំងបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យកាន់តែស៊ីជម្រៅ និងទទួលបានលទ្ធផលជាក់ស្តែងបន្ថែមទៀត ក្នុងគោលដៅបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន តាមរយៈការលើកកម្ពស់អភិបាលកិច្ច និងភាពជាអ្នកដឹកនាំល្អនៅគ្រប់លំដាប់ថ្នាក់។ សម្តេចបានមានប្រសាសន៍បន្តថា លទ្ធផលសម្រេចបានទាំងអស់នេះ មិនមែនកើតឡើងដោយឯកឯងដោយគ្មានការដឹកនាំល្អ ស្មារតីជាក្រុម និងការចូលរួមពីមន្រ្តីទាំងអស់គ្នា ដែលបានចូលរួមយ៉ាងសកម្ម យកចិត្តទុកដាក់ដោយភាពទទួលខុសត្រូវខ្ពស់ និងគណនេយ្យភាពខ្ពស់ ក្នុងការអនុវត្តតួនាទីស្នូលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងទាន់ពេលវេលាឡើយ។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា បើគ្មានការចូលរួមទេ ឬការចូលរួមមានតិចតួច មិនអាចសម្រេចអ្វីៗបានធំដុំនោះទេ ជាពិសេសក្នុងដំណើរការនៃកំណែទម្រង់។ ជាមួយគ្នានេះ សម្តេចបានលើកទឹកចិត្តនិងជំរុញដល់អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ ដើម្បីប្រើប្រាស់ឱ្យអស់សក្តានុពលរបស់ខ្លួន ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ជាពិសេសធ្វើយ៉ាងណាឱ្យសម្រេចបានគោលនយោបាយគន្លឹះជាអាទិភាពរបស់រដ្ឋសភា ដែលសម្តេចបានដាក់ចេញកាលពីដើមអាណត្តិគឺ អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងសភាឌីជីថល ៕



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា