ព័ត៌មាន
ការចរចារប្រាក់ឈ្នួលកម្មករ ភាគីសហជីពស្នើសុំដំឡើង ១៤ដុល្លារ ខណៈភាគីនិយោជកកំណត់ដំឡើងថែមតែ ១ដុល្លារ
ឆ្លងកាត់កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេររយៈពេលមួយព្រឹកពេញ ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ ភាគីសហជីពបានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១៤ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា ខណៈភាគីនិយោជក បានកំណត់ដំឡើងចំនួនតែ ១ដុល្លារប៉ុណ្ណោះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយចប់កិច្ចប្រជុំ លើកទី២នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីនិយោជកបានស្នើសុំឲ្យមានការកើនប្រាក់ឈ្នួលអប្បបរមាត្រឹមចំនួន ១ដុល្លារ សរុប ២០៥ដុល្លារ ក្នុង១ខែ។ សម្រាប់ភាគីសហជីព បានដាក់ចេញនូវតួលេខរួមមួយ គឺស្នើកើន ១៤ដុល្លារ សរុបចំនួន ២១៨ដុល្លារ ក្នុង១ខែ។

ឯកឧត្តម បានបន្តថា ទោះជាយ៉ាងណា តួលេខនេះខាងលើនេះ គ្រាន់តែជាគោលជំហដំបូងរបស់ភាគីនីមួយៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណា ហើយនឹងអាចកែសម្រួលនូវតួលេខនេះជាបណ្តើរៗថែមទៀត ហើយភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដើម្បីឲ្យភាគីទាំងពីរកាន់តែយល់គ្នា និងកែសម្រួលគោលជំហររបស់ខ្លួនឲ្យកាន់តែគៀកប្រហាក់ប្រហែលគ្នា មុននឹងសម្រេចឈានដល់ការបោះឆ្នោត ឬក៏ឯកភាពគ្នាលើរូបមន្តណាមួយ មុនបុណ្យភ្ជុំបិណ្ឌពេលខាងមុខ។

ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា លោកសប្បាយចិត្ត នៅពេល ឃើញភាគីសហជីពបានឯកភាពគ្នាផ្តល់ជូនតួលេខតែមួយដូចគ្នា ប៉ុន្តែនិយោជកមានលទ្ធភាពផ្តល់ជូនត្រឹមចំនួន ១ដុល្លារ ក្នុងការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ដោយសារយោងតាមកត្តាជាច្រើនក្នុងវិស័យសេដ្ឋកិច្ច និងដើម្បីប្រុងប្រយ័ត្នសភាពការណ៍ទូទៅ ដែលបារម្ភខ្លាចនៅពេលដំឡើងប្រាក់ឈ្នួលខ្ពស់ ស្រាប់តែត្រឡប់ថយក្រោយមកវិញ នោះនឹងដួល ពីព្រោះកំណើននៃការវិនិយោគភាគច្រើននៅកម្ពុជា គឺចេញពីវិនិយោគិនមកពីក្រៅប្រទេស។

ពាក់ព័ន្ធការសុំដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៤ដុល្លារ របស់ភាគីសហជីព លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ការស្នើសុំដំឡើងនេះ គឺយោងតាមលក្ខណៈបច្ចេកទេសទំាងអស់។ លោក បានបន្តថា ការស្នើសុំខាងលើនេះ បើក្នុងករណីចាំបាច់ ក្រុមសហីជពនឹងពិនិត្យទៅមើលទឡ្ហីករណ៍ណាមួយទៀត ហើយក៏នឹងពិនិត្យទៅលើការដំឡើងប្រាក់ឈ្នួលពាក់ព័ន្ធនយោបាយផ្សេងៗទៀត ជាមួយទៅនឹងប្រទេសជិតខាង ជាពិសេសគឺការប្រកួតប្រជែង ដែលចាំបាច់ត្រូវឈរលើឆន្ទៈ ដើម្បីសម្រេចរួមគ្នាក្នុងការបន្តផ្តល់ការងារជូនដល់កម្មករនយោជិត និងមានប្រាក់ចំណូលទៀងទាត់។

ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែលត្រីភាគី (ភាគីរដ្ឋាភិបាល, សហជីព, និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមា ដែលកម្មករនិយោជិតទទួលបាន គឺចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 day agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន3 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន4 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន3 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា