Connect with us

ព័ត៌មាន

ស.ស.យ.ក រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរឆ្នាំនេះចាប់ផ្តើមពីថ្ងៃទី ៦ដល់៨ ខែ​វិច្ឆិកា​នេះ

មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ នឹង​ក្លាយ​ជា​ទីតាំង​ដ៏​រស់រវើក​នៃ​ការ​ជួប​ជុំ​ផលិត​ផល​ក្នុង​ស្រុក​ដ៏​ធំ​ប្រចាំឆ្នាំ។ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក ត្រៀមរៀប​ចំ​ព្រឹត្តិការណ៍ ​«ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦» ក្រោមប្រធានបទ​ដ៏មានអត្ថន័យ​ស្តែង​ចេញ​ពីសក្តា​នុពល​ខ្មែរគឺ៖ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក»។

ព្រឹត្តិការណ៍​ដ៏​ធំមួយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៦​ខាង​មុខនេះហើយ។ នេះគឺជាឱកាសដ៏វិសេសវិសាលមួយដែលប្រមូលផ្តុំទៅដោយស្នាដៃ ភាពច្នៃប្រឌិត និងផលិតផលខ្មែរជាច្រើនមុខ មកពីគ្រប់ទិសទីទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បី​បង្ហាញទៅកាន់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានស្គាល់កាន់តែច្បាស់ពីសមត្ថភាព និង​គុណភាពនៃផលិតផលស្នាដៃកូនខ្មែរ។

ប្រធានបទ «ខ្មែរធ្វើបាន» មិនត្រឹមតែជាពាក្យស្លោកនោះទេ ប៉ុន្តែជាការបំផុសស្មារតី និង​ជា​សារ​ដាស់​តឿន​ដ៏មានឥទ្ធិពលមួយ ក្នុងការជំរុញឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប បន្តចូលរួម ជំរុញ និង​ផ្តល់​ការ​គាំទ្រ​យ៉ាងសកម្មដល់សហគ្រាសក្នុងស្រុក ដើម្បីរួមចំណែក​ដល់​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំ​ង​មូល។

សូមរម្លឹកថា កាលពីឆ្នាំ២០២៥កន្លងទៅ ព្រឹត្តិការណ៍ដ៏​ធំ​នេះ​ក៏​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ជោគ​ជ័យ​ផង​ដែរ ដោយមានស្តង់ពិព័រណ៍ចូលរួមរហូតដល់ជាង ៣០០ស្តង់ ព្រមទាំងទទួល​បាន​ការ​គាំទ្រ​យ៉ាង​កុះក​រពីសំណាក់ប្រជាពលរដ្ឋ និងយុវជន។ ផ្អែកលើជោគជ័យកាលពីឆ្នាំ២០២៥ ព្រឹត្តិការណ៍​ឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា នឹងកាន់តែមានទំហំធំជាងមុន គុណភាព​ផលិត​ផល​កាន់​តែ​ខ្ពស់ និងទាក់ទាញអ្នកចូលទស្សនាកាន់តែច្រើនកុះករ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃស្អែកនេះ ក្រុមប្រជាពលរដ្ឋមកពីភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ក៏​បាន​ចូល​រួមដាក់តាំងបង្ហាញលក់ផលិតផលប្រចាំតំបន់ផងដែរ និងអំពាវនាវ​សាធារ​ជន​ចូល​រួម​ឱ្យ​បាន​ច្រើន​កុះករ ដើម្បីគាំទ្រផលិតផលក្នុងស្រុក ក៏ដូចជាមកភ្លក់​អាហារ​ប្លែក​ៗ​ជា​ច្រើន​នៅក្នុ​ង​ព្រឹត្តិការណ៍​ពិព័រណ៍ដ៏អស្ចារ្យមួយនេះ។

សូមជំរាបជូនទៀតថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាទីផ្សារ​សម្រាប់​ពង្រីក​សក្តា​នុពល​អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​កញ្ច​ក់ឆ្លុះប​ញ្ចាំង​ពី​សាមគ្គី​ភាព​របស់​ប្រជា​ជាតិ​ខ្មែរ ក្នុងការគាំទ្រផលិតផលជាតិ។ ការចូលរួមរបស់សាធារជននៅក្នុងព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះ គឺជាចំណែកមួយ​យ៉ាង​សំខាន់​ក្នុង​កា​រ​លើក​ទឹកចិត្តដល់ផលិតករខ្មែរ ក្រោមស្មារតី «ខ្មែរធ្វើបាន ខ្មែរគាំទ្រផលិតផលខ្មែរ»៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia