Connect with us

ព័ត៌មាន

គ្រឹះស្ថានអប់រំ ធីវ៉េត ត្រូវត្រៀមឱ្យខ្លួនកសាងមូលធនមនុស្ស ឆ្លើយតបនឹងការផ្លាស់ប្តូរនៃបច្ចេកវិទ្យា

គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា ធីវ៉េត (TVET) ត្រូវបានជំរុញឱ្យត្រៀម លក្ខណៈសម្បត្តិកសាងមូលធនមនុស្សឱ្យបានរឹងមាំ ដើម្បីឆ្លើយតបនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងអនាគត។

មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ក្រោយបញ្ចប់កម្មវិធីបាឋកថា ក្រោមប្រធានបទ៖ “ធីវ៉េត សម្រាប់អ្វីដែលយើងដឹង និងអ្វីដែលយើងមិនទាន់ដឹង” នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ឯកឧត្តមបណ្ឌិត ពេជ សោភ័ន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានគូសបញ្ជាក់ថា ការរីកចម្រើនយ៉ាងលឿន នៃបច្ចេកវិទ្យា បានធ្វើឱ្យទិដ្ឋភាពសង្គម និងសេដ្ឋកិច្ចមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដែលជះឥទ្ធិពលដល់របៀបរស់នៅ របៀបធ្វើ ការងារ ផ្នត់គំនិត និងការធ្វើអាជីវកម្ម។

ហេតុដូច្នេះ ក្នុងនាមជាអ្នកកសាង និងរៀបចំមូលធនមនុស្ស គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវតែគិតគូរ និងត្រៀមខ្លួនឱ្យបានរួចរាល់ ទាំងការរៀបចំសាលារៀន ការកែទម្រង់វិធីសាស្រ្តបង្រៀន និងរៀន ក៏ដូចជាការ ដឹកនាំគ្រប់គ្រង ដើម្បីឱ្យអ្នកសិក្សាមានសមត្ថភាពពេញលេញក្នុងការឆ្លើយតប និងទទួលបានជោគជ័យក្នុងយុគសម័យដែល ផ្លាស់ប្តូរឥតឈប់ឈរនេះ។

កម្មវិធីបាឋកថានេះបានបញ្ចប់ទៅដោយជោគជ័យ និងបានបន្សល់ទុកនូវទស្សនទានថ្មីៗយ៉ាងច្រើន សម្រាប់ជាត្រីវិស័យដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ក្នុងការបន្តអភិវឌ្ឍន៍ធនធានមនុស្ស និងជួយឱ្យនិស្សិតជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្ពុជាត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពខ្ពស់ ព្រមទាំងកម្លាំងពលកម្ម ដែលមានសមត្ថភាពដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ច សង្គម ជាពិសេសការត្រៀមខ្លួនឱ្យរួចជាស្រេចក្នុងការក្តោបក្តាប់ឱកាសការងារទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia