Connect with us

ព័ត៌មាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!

(ត្បូងឃ្មុំ)៖ តបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា និង ជាអភិបាលគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងសមាជិកសមាជិកា គណៈកម្មាធិការសាខា ក្រុមការមកពីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ៨៦០គ្រួសារ មកពីស្រុកចំនួន២រួមមានស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

សូមជម្រាបជូនថា ពិធីចែកអំណោយមនុស្សធម៌ខាងលើ ត្រូវបានរៀបចំធ្វើឡើងនៅលើទីតាំងចំនួន២កន្លែង ក្នុងនោះ ទីតាំងទី១៖ នៅបរិវេណវត្តពោធិព្រឹក្ស (ហៅវត្តកញ្ចក់) ក្នុងឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ និងទីតាំងទី២៖ នៅបរិវេណសាលាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុតនាឱកាសនេះ ដោយក្នុងមួយគ្រួសារទទួល បាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, សាប៊ូកក់សក់ ១ដប, ឃីត( សារុង មុង ភួយ ក្រមា) ១ឃីត។ បន្ថែមលើនេះចាស់ជរាឥតទីពឹង ស្ត្រីមានផ្ទៃពោះ

ស្ត្រីមានកូនច្រើន និងជនមានពិការភាព ក៏ទទួលបានថវិកាមួយចំនួន។ ជាមួយគ្នានេះ ក្រុមការងារក៏បាននាំយកនូវទេយ្យវត្ថុរួមទាំងបច្ច័យប្រគេនវត្តចំនួនពីរក្នុងស្រុកក្រូចឆ្មារ រួមមានវត្តវេឡុវនារាម (កោះបីពៃ) និងវត្តពោធិព្រឹក្ស (ហៅវត្តកញ្ចក់) ដោយក្នុងមួយវត្តទទួលបានបច្ច័យ ១លានរៀល និងព្រះគ្រូចៅអធិការ ព្រមទាំងព្រះសង្ឃដែលគង់នៅវត្តនីមួយៗ នូវបច្ច័យមួយចំនួនផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានបន្តដំណើរចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋ ៣៥គ្រួសារដែលរងគ្រោះដោយបាក់ច្រាំងទន្លេនៅឃុំកោះពីរក្នុងស្រុកក្រូចឆ្មារ ដោយក្នុងមួយគ្រួសារក្រៅពីទទួលបានគ្រឿងឧបភោគបរិភោគ ក៏ទទួលបាននូវថវិកា១០ម៉ឺនរៀលបន្ថែមទៀតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia