Connect with us

ព័ត៌មាន

សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាបន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ចពលរដ្ឋ ដើម្បីការពារទឹកដីដូនតា

សិប្បកម្មខ្មែរនៅព្រំដែន ប្ដេជ្ញាចិត្ត បន្តឈរជើងបង្កើតការងារ ពង្រឹងសេដ្ឋកិច្ច ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​រស់នៅអចិន្រ្ដៃយ៍ ចូលរួមការពារព្រំដែន ទឹកដីដូនតាន។

លោក ស៊ឹម ម៉េងទ្រី ស្ថាបនិកសិប្បកម្មខ្មែរ កែច្នៃផលិតផលពីរុក្ខជាតិធម្មជាតិ នៅក្នុងខេត្តប៉ៃលិន ប្រាប់ BTV នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្នុងឱកាស ដែលលោក​នាំយក​ផលិត​ផល​មក​តាំង​បង្ហាញ​ក្នុងកម្មវិធី ពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ថា សិប្បកម្ម​របស់​លោក​ បើទោះបីជាព្រំដែនជាមួយប្រទេសជិតខាងបានបិទ ព្រោះសង្រ្គាមឈ្លានពាន តែ​លោក​នៅ​តែ​បន្ត​ដំណើរកា​រសិប្បកម្ម។ លោកប្រាប់ ថា ការបន្តដំណើរការសិប្បកម្មនេះ ក៏ដោយសារលោក​ចង់​បង្កើត​ការជូនពលរដ្ឋមូលដ្ឋាន និងពលករដែលវិលពីប្រទេសឈ្លានពានផង និងដើម្បីឱ្យ​ពលរដ្ឋ​រស់​នៅលើទឹកដីកំណើត ធ្វើជារបងរស់ នៅចូលរួមការពារទឹកដីដូនតា។

ប្រជាពលរដ្ឋ ដែលមកចូលរួមពិព័រណ៌ផលិតផលខ្មែរ នៅថ្ងៃទី២ នៃពិព័រណ៍នេះ បានប្រាប់ថា ពួក​គាត់សរសើរ និងលើកទឹកចិត្តដល់រោងចក្រ សហគ្រាសខ្មែរ បន្តឈរជើង​បង្កើ​ត​ការងារ​នៅ​តាម​ព្រំដែន ​ដើម្បីឱ្យប្រជាជនមូលដ្ឋាន មានការងារធ្វើ ដោយមិនចាំបាច់ចំណាកស្រុក។ ពួក​គាត់​ប្ដេជ្ញា​បន្ត​គាំទ្រគ្រប់ផលិតផលខ្មែរ ពិសេសផលិតផលមកពីព្រំដែន។

សូមរំឭកថា ប្រទេសថៃ បានបិទព្រំដែនគោក ជាឯកតោភាគី កាលពីខែមិថុនា ឆ្នាំ២០២៥ និង​បង្ក​អរិភាពតាមព្រំដែនជាបន្តបន្ទាប់ និងបើកការឈ្លានពានកម្ពុជា ចំនួន ២លើកកាលពីខែកក្កដា និង​ខែធ្នូ។ បើទោះបីប្រទេសថៃ បិទព្រំដែន និងឈ្លានពានលើអធិបតេយ្យកម្ពុជា ប៉ុន្ដែកម្ពុជា​នៅ​តែ​ឈរ​ជើងរឹងមាំ ដោយកម្លាំងរួបរួមជាតិ សហគ្រិនខ្មែរ បានបង្កើតរោងចក្រ សហគ្រាស សិប្បកម្ម ​ផលិតផលខ្មែរជាបន្តបន្ទាប់។ ហើយមកដល់ពេលនេះ សន្ទុះនៃការគាំទ្រផលិតផលខ្មែរ កើន​ឡើង​ជាលំដាប់។ ហើយក្នុងបំណងជំរុញ បំផុសការគាំទ្រផលិតផលខ្មែរ ឱ្យកាន់តែខ្លាំង សហភាព​សហព័ន្ធយុវជនកម្ពុជា បានរៀបចំ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈណ្ឌលសន្និបាត និង​ពិព័រ​ណ៍​កោះ​ពេជ្រ ​រាជរាធានីភ្នំពេញ ដោយមានផលិតផលខ្មែររាប់ពាន់ត្រូវបានយកមកតាំងបង្ហាញ​៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia