Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងបរិស្ថានដឹកនាំប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលសម្រាប់ថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី៣១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសទួរគីយ៉េ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូកម្ពុជា ចេញដំណើរតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំកំពូលសម្រាប់ថ្នាក់ដឹកនាំ នៃសន្និសីទភាគីលើកទី៣១ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) ដែលប្រព្រឹត្តទៅនៅទីក្រុង Antalya ប្រទេសទួរគីនៅវេលាយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សន្និសីទ COP31 ឆ្នាំ២០២៦ នេះ គឺជាវេទិកាដ៏មានសារៈសំខាន់បំផុតសម្រាប់កម្ពុជា ក្នុងការបង្ហាញពីជំហររឹងមាំ និងការប្តេជ្ញាចិត្តផ្នែកបរិស្ថានទៅកាន់ពិភពលោក។ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រច្បាស់លាស់ ដោយផ្អែកលើ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ក្នុងនោះផែនការួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ NDC 3.0 ដើម្បីចូលរួមចំណែកកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុជាសកល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត នឹងអញ្ជើញឡើងធ្វើសេចក្តីថ្លែងការណ៍ជាតិ តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការប្តេជ្ញាចិត្តរបស់កម្ពុជាជាមួយសហគមន៍អន្តរជាតិ រួមទាំងការអនុវត្តផែនការបច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (NDC 3.0) ដែលកម្ពុជាមានគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥ និងសម្រេចឱ្យបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ២០៥០។

កម្ពុជានឹងបន្តជំរុញ និងទាមទារឱ្យមានយន្តការហិរញ្ញវត្ថុអាកាសធាតុ ដែលមានភាពច្បាស់លាស់ ងាយស្រួលទទួលបាន និងមានតម្លាភាព សម្រាប់គាំទ្រដល់ប្រទេសដែលងាយរងគ្រោះ ស្របពេលដែលកម្ពុជាកំពុងត្រៀមចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

ក្រៅពីកិច្ចប្រជុំពេញអង្គ ឯកឧត្តមរដ្ឋមន្ត្រី និងសមាជិកប្រតិភូ នឹងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអម និងកិច្ចពិភាក្សាជាន់ខ្ពស់នានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ការពារធនធានធម្មជាតិ និងបង្កើនជីវភាពប្រជាពលរដ្ឋ តាមរយៈការទទួលបានបច្ចេកវិទ្យាថ្មីៗក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia