Connect with us

ព័ត៌មាន

សម្ដេចប្រធានរដ្ឋសភាគាំទ្រការរៀបចំមហាសន្និបាត AIPA លើកទី៤៧ របស់ប្រទេសហ្វីលីពីន ដែលបានជ្រើសរើសមូលបទក្នុងការតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី (Senen T. Mangalile) ឯកអគ្គរដ្ឋទូតថ្មី នៃ​សាធារណ​រដ្ឋ​ហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិមាន​រដ្ឋសភា​។

សម្ដេចប្រធានរដ្ឋសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី ព្រមទាំងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ បេសក​កម្មការទូតដ៏មានតម្លៃនេះ សំដៅលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគី ដែល​បាន​កសាង​រួម​គ្នា​តាំងពីឆ្នាំ១៩៥៧ ឱ្យកាន់តែរឹងមាំ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត។

សម្ដេចរដ្ឋសភាធិបតី មានសេចក្តីជឿជាក់យ៉ាងមុតមាំថា តាមរយៈ​បេសក​កម្ម​ការ​ទូត​ដ៏​ឧត្តុង្គ​ឧត្តម​របស់​ឯកឧត្តម ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ នឹង​ត្រូវបា​នពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ការពារជាតិ កសិកម្ម និងទេសចរណ៍ជាដើម។

នៅក្នុងឱកាសនោះ សម្ដេចបានសម្តែងការគាំទ្រ និងមានជំនឿមុតមាំថា មហាសន្និបាត​អន្តរសភា​អាស៊ាន (AIPA) លើកទី៤៧ ដែលរដ្ឋសភា​ប្រទេស​ហ្វីលីពីន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​សប្តាហ៍​ក្រោយ​នេះ ប្រកបដោយអត្ថន័យ ដោយបានជ្រើសរើសយកនូវមូលបទដ៏សំខាន់ និងចំពេល​មក​ពិភាក្សា​នោះគឺ “សភាធានាឱ្យបាននូវអាស៊ានមានសន្តិភាព វិបុលភាព ដោយយក​ប្រជាជន​ជា​ស្នូល​”​។

សម្ដេចបានគូសបញ្ជាក់ថា សភាតំណាងឱ្យប្រជាពលរដ្ឋ ដូច្នេះ ត្រូវការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​។ ​នៅក្នុងកាលៈទេសៈសកលលោកមានហានិភ័យខ្ពស់ សណ្តាប់ធ្នាប់សកលធ្លាក់ចុះ សេដ្ឋកិច្ច​ធ្លាក់​ចុះ ​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាមួយនឹងវិបត្តិធាតុអាកាសផងនោះ ការ​ទូត​សភា​ពិត​ជា​មានតួនាទីដ៏សំខាន់ ដើម្បីធ្វើឱ្យពលរដ្ឋទទួលបាននូវសុខសន្តិភាព និ​ង​ស្ថិរភាព​សង្គម​។​ សម្ដេចមានជំនឿមុតមាំថា មហាសន្និបាតអាយប៉ា ដែលរដ្ឋសភា​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ម្ចាស់​ផ្ទះ នឹ​ងទទួលបានជោគជ័យ។

សូមជម្រាបថា សម្ដេចប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូល​រួម​មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៧ ដែលរដ្ឋសភាប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ ចាប់​ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងនាមប្រជាពលរដ្ឋខ្មែរ សម្ដេចប្រធានរដ្ឋសភា បានស្នើដល់​ប្រទេស​ហ្វីលីពីន​បន្ត​គាំទ្រ​ការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេសចូលរួមលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែល​ជា​ផ្នែ​កសំខាន់ផ្ដល់ចំណូលប្រមាណជាង ៦០% នៃសេដ្ឋកិច្ចជាតិ។ សម្ដេច​ស្នើ​ដល់​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត ជំរុញអ្នកទេសចរហ្វីលីពីនមកកម្ពុជាបន្ថែមទៀត និងបានស្នើឱ្យហ្វីលីពីនបន្តជំនួយលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស និងជំនាញផ្សេងៗទៀត ដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្ដេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានឯកភាពតាមប្រសាសន៍របស់សម្ដេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា នៅក្នុងពេលដែលសកលលោកកំពុងមានវិបត្តិបែបនេះ ការរួមសាមគ្គីគ្នាជាមធ្យោបាយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហា។

ឯកឧត្តមឯកអក្គរដ្ឋទូត បានបញ្ជាក់ពីការប្ដេជ្ញាចិត្តដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ដោយនៅក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចពីគម្រោងមួយចំនួនដែលនឹងត្រូវរៀបចំឡើងសម្រាប់អបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-ហ្វីលីពីនក្នុងឆ្នាំក្រោយនេះផងដែរ ដូចជាការបង្កើតឱ្យមានជំនួបពិភាក្សាគ្នារវាងធុរជននៃប្រទេសទាំងពីរជាដើម។ ឯកឧត្តម សេនីន ធី ម៉ាន់ហ្គាលី បានអរគុណកម្ពុជា ដែលបានយកចិត្តទុកដាក់មើលថែពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅ និងប្រកបការងារនៅកម្ពុជាលើច្រើនវិស័យ។

ឯកឧត្តមក៏បានជម្រាបសម្ដេចប្រធានរដ្ឋសភា ពីការបន្តផ្តល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលភាសាអង់គ្លេសដល់មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា។

សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ហ្វីលីពីនដល់កម្ពុជាលើគ្រប់វិស័យ ដូចជាវិស័យអប់រំ ការកសាងមូលធនមនុស្សជាដើម ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់អាទិភាពខ្ពស់បំផុតក្នុងការអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងអំណរគុណដល់ប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាថា កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ សម្ដេចបានបញ្ជាក់ពីជំហរសន្តិភាពរបស់កម្ពុជា និងការគោរពច្បាប់អន្តរជាតិ «កម្ពុជាមិនត្រូវការសង្គ្រាមនោះឡើយ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia