Connect with us

ព័ត៌មាន

គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០

នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ប្រតិភូជាន់ខ្ពស់មកពីតាមបណ្តាប្រទេសនិយាយភាសាបារាំង នៅ​តាម​ទ្វីប​នានា​ជុំវិញពិភពលោក បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ហ្រ្វង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកានេះតទៅ។

នៅអាកាសយានអន្តរជាតិតេជោTIA ច្រកVVIPថ្មី នាថ្ងៃទី១២ ខែវិច្ឆិកា នេះ គេ​សង្កេត​ឃើញ​មាន​គណៈ​ប្រតិភូ​ជាន់ខ្ពស់ហ្វ្រង់កូហ្វូនី តំណាងសភា ឯកអគ្គរដ្ឋទូត នៅតាមបណ្តាប្រទេស រួមមាន៖ ប្រទេស​អេស្ទូនី, Suisse (ស្វីស), Monaco, ទីក្រុងកិបិច ទីក្រុងអុងតារីយ៉ូ ប្រទេសកាណាដា, រ៉ូវ៉ាន់ដា, គឺបានអញ្ជើញមកដល់កម្ពុជាដែលគ្រប់ប្រតិភូទាំងនោះ ត្រូវបាន​ធ្វើ​បដិ​សណ្ឋារ​កិច្ច​ទទួល​ស្វាគមន៍​ដោយ​លោកជំទាវ បណ្ឌិត សំអាត សម្បត្តិស្រីសួគ៌ អនុរដ្ឋលេខាធិការក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។

ហើយជាបន្តបន្ទាប់ទៀត មានប្រតិភូជាន់ខ្ពស់ថ្នាក់ប្រធានាធិបតី អនុប្រធានាធិបតី រដ្ឋមន្ត្រី ទី​ប្រឹក្សា​រដ្ឋ​មន្ត្រី អនុរដ្ឋមន្ត្រី តំណាងសភា ឯកអគ្គរដ្ឋទូត និងក្រុមឧត្តមមន្ត្រីអមដំណើរ មក​ពី​តាម​បណ្ដា​ប្រទេស​នានាទៀត រួមមាន ប្រទេស រ៉ូវាន់ដា សេណេហ្គាល់, Vanuatu (វ៉ាន់នូអាទូ), ប៊ុលហ្ការី, Mozambique, សាធារណរដ្ឋអាហ្វ្រិកកណ្ដាល, Slovenia, Albany, Côte d’Ivoire, Madagascar, និងប្រទេសUruguay, ជាដើមបាន​និង​កំពុង​ធ្វើ​ដំណើរ​មក​រាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

មន្ត្រី​ជាន់​ខ្ពស់មកពីក្រសួងទំនាក់ទំនងអន្តរជាតិ និងពាណិជ្ជកម្ម ទីក្រុងកិបិច ប្រទេសកាណាដា ឯកឧត្តម Dieudonne Ella Oyono ថ្លែង រូបលោក ក៏ដូចគ្រប់​ប្រតិភូ​ជាន់​ខ្ពស់​មក​ពី​តាម​ប្រទេស​និយាយ​ភាសាបា​រាំង មានការពេញចិត្ត និងមានការទន្ទឹងរង់ចាំខ្លាំង ក្នុងការនាំគ្នាមកចូលរួម​កិច្ច​ប្រជុំ​កំពូល​ហ្រ្វង់កូ​ហ្វូនីនៅកម្ពុជា បំណងសំខាន់ចង់រួមគ្នាជំរុញការផ្លាស់ប្តូរទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជក​ម្ម និងបច្ចេកវិទ្យា និងការស្វែងរកដៃគូផ្សេងៗទៀត។ បន្ថែមលើនេះ រូបលោក និង​ប្រតិភូ​នានា នឹងត្រូវចូលរួមកិច្ចប្រជុំជាច្រើន និងមានភាព​មមា​ញឹក​ខ្លាំង​នៅ​ក្នុងដំ​ណើរ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងបោះឆ្នោតជ្រើសរើសអគ្គលេខាធិការហ្រ្វង់កូហ្វូនី ជា​ដើម​។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេស និង រដ្ឋ ជាសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចំនួន​៨២​នៅតាមទ្វីបទាំង៥លើសកលលោក ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០​ប្រទេស និង តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មាន ២៦​ប្រទេស ក្រៅពីនេះមានក្រុមឧត្តមមន្ត្រីអម ឯកអគ្គរដ្ឋទូត ប្រមាណជាង១០០០រូប នឹង​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅ​ថ្ងៃ​ទី​១៥ និង ១៦ខែវិច្ឆិកាដដែលនេះ៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia