Connect with us

ព័ត៌មាន

អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា

អ្នកសម្របសម្រួល ឬហៅកាត់ថា L.O នៃគណៈប្រតិភូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ បានបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ដែលពួកគេស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលឱ្យ គណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីនៅកម្ពុជា។

បញ្ជាក់ប្រាប់ BTV នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ច្រក VIP តំណាងអ្នកសម្របសម្រួល( L.O) ៣រូបបានប្រាប់ថា ពួកគេពិតជាពិតចិត្តចំពោះការងារជាអ្នកសម្របសម្រួល ហើយពួកគេនឹងខិតខំសម្របសម្រួលឱ្យគណៈប្រតិភូពេញចិត្ត សប្បាយចិត្ត និងកក់ក្តៅ ហើយនឹងព្យាយាមសម្របសម្រួលឱ្យបានល្អបំផុត ដើម្បីមុខមាត់ប្រទេសកម្ពុជា និងដើម្បីឱ្យគណៈប្រតិភូ មានទំនុកចិត្ត និងជឿជាក់ចំពោះកម្ពុជា ម៉្យាងទៀតកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ពិតជាមានសារសំខាន់ណាស់ ដូចនេះពួកគេនឹងធ្វើជាអ្នកសម្របសម្រួល( L.O)ឱ្យគណៈប្រតិភូមានទំនុកចិត្ត១០០ចំពោះកម្ពុជា។

សូមបញ្ជាក់ថា តាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការបរទេសប្រទេស និងរដ្ឋ ជាសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានចំនួន៨២ នៅតាមទ្វីបទាំង៥លើសកលលោក បានបញ្ជាក់ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា ក្នុងនោះមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាង ២០ប្រទេស និង តំណាងប្រមុខថ្នាក់ដឹកនាំ ថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មាន ២៦ប្រទេស ក្រៅពីនេះមានក្រុមឧត្តមមន្ត្រីអម ឯកអគ្គរដ្ឋទូត ប្រមាណជាង១០០០រូប នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅថ្ងៃទី ១៤  វិច្ឆិការហូតដល់ថ្ងៃទី១៦ខែវិច្ឆិកា ក្នុងនោះកម្ពុជាមានរៀបចំកម្មវិធីអមធំៗចំនួនពីរទៀត រួមមាន៖ ព្រឹត្តិការណ៍អម ហ្រ្វង់កូតិច នឹងប្រារព្វនៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ ដែលប្រមូលផ្តុំដោយក្រុមហ៊ុន អ្នកវិនិយោគទុន អង្គការ សមាគម អ្នកជំនាញមកពីតាមប្រទេសជាង៧០បានចុះឈ្មោះចូលរួមសរុបបានចំនួន៤៦០០នាក់ ដោយឡែកសម្រាប់ព្រឹត្តិការណ៍អម ភូមិហ្រ្វង់កូហ្វូនី ធ្វើនៅសួនវត្តបុទុមរៀបចំចាប់ពីថ្ងៃទី១៣ស្អែកនេះរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា បានរៀបចំពន្លាជាតិ និងស្តង់ពិព័រណ៌ ប្រមាណជាង២០០ ដោយមានប្រទេស និងរដ្ឋចុះឈ្មោះចូលរួមប្រមាណជាង៧០ ហើយរំពឹងថា ព្រឹត្តិការណ៍មហាជនមួយនេះដែលប្រារព្វក្នុងរយៈពេល៥ថ្ងៃនោះ រំពឹងមានអ្នកចូលទស្សនាប្រមាណប្រមាណជាង១០ម៉ឺននាក់៕

ដោយ ៖ គង់ រ៉េន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia