ព័ត៌មាន
អភិបាលរាជធានីណែនាំខណ្ឌ និងសង្កាត់ ខិតខំដោះស្រាយសំណូមពរនានាមុននឹងបញ្ជូនមកថ្នាក់រាជធានីដោះស្រាយ
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យដោះស្រាយរាល់សំណើរ និងសំណូមពរនានាជាមុនសិន មុននឹងបញ្ជូនសំណើរ និងសំណូមពរទាំងនោះមកថ្នាក់រាជធានីដោះស្រាយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ពិនិត្យដោះស្រាយរាល់សំណើរ និងសំណូមពរនានាជាមុនសិន មុននឹងបញ្ជូនសំណើរ និងសំណូមពរទាំងនោះមកថ្នាក់រាជធានី គឺត្រូវតែច្បាស់លាស់ថា ជាសំណើរ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឺមិនមែនជាសំណើរ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ ហើយលើកឡើងជាសំណើរសំណូមពរយករួចខ្លួន។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល
៣ឆ្នាំ ២០២១ ដល់២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបំរើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឱ្យបានគ្រប់ជ្រុងជ្រោយពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នា ដោះស្រាយជូនពលរដ្ឋ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយត្រូវតែ សុំការអន្តរាគមនពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមនទាំងខ្លួនឯងមិនទាំងបានអនុវត្តផងនោះទេ។
ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីបានមានប្រសាសន៍ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ឯកឧត្ដម ម៉ប់ សារិន បានបន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ស្ថាប័នមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធនានា។
ឯកឧត្ដមបញ្ជាក់ថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ ២០២១ ដល់២០២៣ នៅរាជធានីភ្នំពេញរៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើរ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផលនៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហាប្រឈមដែលនៅសេសសល់ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិនិត្យពិភាក្សា និងដោះស្រាយរួម ។
ឯកឧត្ដម ម៉ប់ សារិន បានបន្តថា វេទិកានៅថ្នាក់រាជធានីភ្នំពេញនឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើការដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។
គួរបញ្ជាក់ថា ក្នុងវេទិកានេះក៏មានបទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវារដ្ឋបាល ការដោះស្រាយវិវាទមូលដ្ឋាន ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍ ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕
អត្ថបទ ៖ វ៉ាន់ដា






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត