Connect with us

ព័ត៌មាន

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក

ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន សន្យាពាំនាំនូវព័ត៌មាន និង​ការ​មើល​ឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថាន​ភាព​សេដ្ឋកិច្ច ជាពិសេសអំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ជួយបន្តផ្សព្វ​ផ្សាយ​នៅ​សហ​រដ្ឋ​អាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និងជវភាព ជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់​ទាញ​វិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​មកកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ នៅក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត Brian D. McFeeters ប្រធាននិងជានាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ច សហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់​ទំនងពាណិជ្ជកម្ម និងការបន្ត វិនិយោគរបស់ក្រុមហ៊ុនពហុជាតិអាមេរិកជាច្រើននៅកម្ពុជា ។ ជាក់ស្ដែងក្នុងឆ្នាំ២០២៥នេះ, ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង សហរដ្ឋអាមេរិក សម្រេច​បាន​​ប្រមាណ ១៣ ប៊ីលានដុល្លារអាមេរិក ខណៈទុន​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក​បាន​កើន​ដល់​ប្រមាណ ១ ប៊ីលានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំពីភាពរឹងមាំ នៃចំណងមិត្តភាពសេដ្ឋកិច្ច ពាណិ​ជ្ជ​កម្ម រួមចំណែកក្នុងកិច្ចគ្រប់គ្រងស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច និងការ​រក្សា​បាន​នូវ​ចីរភាព​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់កម្ពុជាសម្រាប់រយៈពេលមធ្យមទៅវែង ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានកត់សម្គាល់ពីការបើកទ្វារស្វាគមន៍ រាល់កាលានុវត្ត​វិនិយោគ​ដែល​ជា​ការ​វិនិយោគមាន តម្លៃបន្ថែមខ្ពស់ ជាពិសេសចំពោះវិស័យអាទិភាព និងមាន​សក្ដា​នុពល​ខ្ពស់​រួម​មាន វិស័យកសិ-ឧស្សាហកម្ម, ថាមពលស្អាត, ឌីជីថល, ឡូជីស្ទីក, សុខាភិបាល, អប់រំ និង​បច្ចេកវិទ្យាទំនើប ជាដើម ។

ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការបន្តដោះស្រាយរាល់ បញ្ហាប្រឈម ពាក់ព័ន្ធនានាកន្លងមក ដោយធ្វើ​ការ​កត់​សម្គាល់​អំពី​ការ​រីក​ចម្រើនខ្លាំងគួរឱ្យកត់សម្គាល់នៃបរិយាកាសវិនិយោគ និង ធុរកិច្ច នៅកម្ពុជា​ក្នុង​រយៈ​ពេល​២​ឆ្នាំ ​នៃការបំពេញការងាររបស់លោក, បើទោះបីកម្ពុជាបន្តទទួលរងនូវបញ្ហាប្រឈមជាបន្តបន្ទាប់ យ៉ាង​នេះ​ក្តី។ ឯកអគ្គរដ្ឋទូត ក៏បានស្នើឱ្យក្រុមហ៊ុនដែលកំពុងមានប្រតិបត្តិការនៅកម្ពុជាទាំងអស់ លើក​ឡើងអំពីបញ្ហាប្រឈមថ្មី ដែល កំពុងជួបប្រទះ និងស្នើ​ឱ្យ​ក្រុម​ហ៊ុន​ដែល​កំពុង​ស្វែង​រក​ឱកាស​វិនិយោគសាកសួរអំពីសក្កានុពលវិនិយោគនៅកម្ពុជាផងដែរ។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ក៏បានឆ្លើយតបទៅនឹងការស្នើសុំជាក់លាក់ និងបញ្ហាប្រឈមនានា ដែល​លើកឡើងដោយ តំណាងក្រុមហ៊ុនទាំង១៣ ក៏ដូចជាបាន​ជម្រាប​ពី​ដំណើរ​ការ​កែ​ទម្រង់​ជា​រចនា​សម្ព័ន្ធ​សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់ បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ ដើម្បី​បង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច, ជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ, ពង្រឹង​អនុលោមភាព ដើម្បីធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងស្មើភាព និងជា​ពិសេស​ជំរុញ​ការ​ចូលរួមសហការជាមួយ រាជរដ្ឋាភិបាលតាមរយៈយន្តការ «ក្រុម “ឃ” ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន សំដៅដោះ ស្រាយ​នូវ​បញ្ហា​ប្រឈម​ពាក់​ព័ន្ធប្រកបដោយប្រសិទ្ធភាពភាពទាន់ពេល និងភាពព្យាករ​បាន​នៃកា​រ​ប្រែ​ប្រួល​គោល​នយោបាយ​នានា។

ក្រោយកិច្ចពិភាក្សា, ឯកអគ្គរដ្ឋទូត សន្យាពាំនាំនូវព័ត៌មាន និងការមើលឃើញ​ដោយ​ផ្ទាល់​អំពី​ស្ថានភាព​សេដ្ឋកិច្ចជាពិសេស អំពីបរិយាកាសធុរកិច្ចនៅកម្ពុជា ទៅបន្តផ្សព្វផ្សាយ​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីការវិវឌ្ឍជាវិជ្ជមាន និង ជវភាពជាក់ស្ដែងនៅកម្ពុជា សំដៅ​ទាក់ទាញវិនិយោគ និងធុរកិច្ចពីសហរដ្ឋអាមេរិក​ ព្រមទាំងរឹតចំណងមិត្តភាពសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia