ព័ត៌មាន
មន្ទីរបរិស្ថានរាជធានីភ្នំពេញរៀបចំពិធីអបអរទិវាអនាម័យបរិស្ថានជាតិ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖មន្ទីរបរិស្ថានរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ បានរៀបចំពិធីអបរអសាទរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក នៅថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ។ ពិធីនេះប្រព្រឹត្តិទៅ នៅសួនច្បារវត្តបទុមវតី ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ហួត ហៃ និងឯកឧត្ដម ឯក ឃុនដឿន ដែលឯកឧត្តមទាំងពីរជាអភិបាលរង និងជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ក្រៅពីនេះ ក៍មានការអញ្ជើញចូលរួមពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋជាដើម។
នៅក្នុងអង្គពិធីឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ទិវាអនាម័យបរិស្ថានជាតិ ត្រូវប្រារព្ធធ្វើនៅថ្ងៃទី២៣ខែវិច្ឆិកាឯណោះទេ ប៉ុន្តែដោយសារនៅរាជធានីភ្នំពេញ បានរៀបចំព្រះរាជពិធីបុណ្យអុំទូក ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែវិច្ឆិកាម្សិលមិញ ហើយស្របទៅតាមសំណើរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ ទើបឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចឱ្យមន្ទីបរិស្ថានរាជធានីភ្នំពេញរៀបចំទិវាអនាម័យបរិស្ថានជាតិ នៅថ្ងៃទី១៧ខែវិច្ឆិកានេះ ដើម្បីធ្វើការសម្អាតអនាម័យ រើសសំរាមដែលនៅសេសសល់ បន្ទាប់ពីព្រះរាជពីធីបុណ្យអុំទូកបានបញ្ចប់ទៅ។ បន្ថែមលើនេះ ឯកឧត្តមបានបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដោយចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយដែលបានចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថានតាមរយៈការចូលរួមក្នុងពិធីអបអរសាទរទិវាអនាម័យបរិស្ថានជាតិនៅថ្ងៃនេះ។ ប្រជាពលរដ្ឋបន្តថា បរិស្ថានស្អាត ធ្វើឱ្យការរស់នៅមានផាសុខភាព និងអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសជាកម្ពុជាផងដែរ។
ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»។
គួររំលឹកដែរថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ១៩៩៥ ក្នុងគោលបំណងចលនាឱ្យប្រជាពលរដ្ឋ ព្រះសង្ឈ កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ និងសហគ្រាសជាដើមនោះ សំដៅរួមចំណែកកសាងសង្គមកម្ពុជា ឱ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់បំព្រង។ អត្ថបទ៖ទូច សោភណ្ឌ

















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត