ព័ត៌មាន
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា មាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ អ៊ីស្រាអែល-កម្ពុជា។ លោកជំទាវបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងស្ថិតក្នុងទិសដៅវិជ្ជមាន ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថា ភាពស្រដៀងគ្នានៃប្រជាសាស្ត្រ ដែលមានយុវជនភាគច្រើន គឺជាកាតាលីករដ៏សំខាន់ សម្រាប់អ៊ីស្រាអែល និងកម្ពុជា ក្នុងការស្វែងរកឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនបន្ថែមទៀត នាពេលអនាគត។ ជាមួយគ្នានេះ, លោកជំទាវក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ឱ្យកាន់តែរឹងមាំ រួមមានការបន្តទទួលយកនិស្សិតផ្នែកកសិកម្ម ទៅធ្វើកម្មសិក្សា ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការការងារ ក្នុងផ្នែកកសិកម្មនៅអ៊ីស្រាអែល។ បន្ថែមលើនេះ, លោកជំទាវក៏នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ, វប្បធម៌ និងវិទ្យាសាស្ត្រផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតីក៏បានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា។ សម្ដេចធិបតី បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាង កម្ពុជា និងអ៊ីស្រាអែល ព្រមទាំងបានឯកភាពក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តគាំទ្រយ៉ាងពេញលេញដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលផ្សេងៗជាច្រើនទៀត។
សម្ដេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ក៏បានពិភាក្សាគ្នាលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម និងការគ្រប់គ្រងធនធានទឹក, វិស័យអប់រំ, បច្ចេកវិទ្យា និងវិស័យសុខាភិបាល ព្រមទាំងជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងកម្ពុជា និងអ៊ីស្រាអែល ផងដែរ៕







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត