ព័ត៌មាន
សមាគមជប៉ុន-កម្ពុជា សន្យាបន្តកៀរគរក្រុមហ៊ុនជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជា
លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានសន្យាបន្តកៀរគរនូវក្រុមហ៊ុនរបស់ប្រទេសជប៉ុន មកធ្វើការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារសម្រាប់ប្រជាពលរដ្ឋ ។
ក្នុងជំនួបជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) លើកឡើងថា នេះជាលើកទី៤ ដែលសមាគមជប៉ុន-កម្ពុជា បានធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដោយបច្ចុប្បន្ន សង្កេតឃើញថា កម្ពុជាបានអភិវឌ្ឍជឿនលឿនជាងមុនលើការវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះក៏មានជប៉ុនផងដែរ ។
លោក បានបន្តថា សម្រាប់ជំនួបនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីលទ្ធភាពបន្ថែម ក្នុងការវិនិយោគពីក្រុមហ៊ុននានា របស់ប្រទេសជប៉ុន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានវិស័យសំណង់ផងដែរ ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ប្រតិភូ JCA មកកាន់ប្រទេសកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ ជាពេលវេលាដែលខុសប្លែកពីលើកមុន ហើយជាឱកាសជាច្រើន សម្រាប់សមាគមជប៉ុន-កម្ពុជា ខណៈក្រសួងរៀបចំដែនដី គ្រោងរៀបចំសន្និបាតប្រចាំឆ្នាំ នាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមជាអធិបតីភាពពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
ក្នុងជំនួបនេះឯកឧត្តម សាយ សំអាល់ លើកឡើង ពីឱកាសវិនិយោគថ្មី សម្រាប់ជប៉ុនលើវិស័យមួយចំនួន ដូចជានៅក្នុងខេត្តព្រះសីហនុ នឹងមានការពង្រីកផែ ដោយមានមហិច្ឆតានឹងប្រែក្លាយផែនេះ ឱ្យក្លាយជាផែធំទី២ បន្ទាប់ពីផែនៅប្រទេសសិង្ហបុរី ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើង អំពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ជាកន្លែងដ៏សំខាន់មួយ សម្រាប់បង្កើតការងារដល់ប្រជាជនកម្ពុជា ព្រមទាំងទិសដៅវិនិយោគសំខាន់ៗមួយចំនួនទៀត ដែលជប៉ុនអាចចូលរួមសហការបាន ក្នុងការជួយជំរុញដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានខិតខំប្រឹងប្រែងធ្វើសព្វថ្ងៃនេះ ដើម្បីជំរុញឱ្យដំណើរការសេដ្ឋកិច្ចកម្ពុជា ប្រព្រឹត្តទៅដោយរលូនទៅមុខ ហើយសង្ឃឹមថានឹងរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ បាន សុខរិទ្ធិ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត