ព័ត៌មាន
រាជរដ្ឋាភិបាលប្រកាសទទួលស្គាល់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (Digital Government Products – DGPs) ដែលអភិវឌ្ឍដោយ ក.ប.ទ. ចំនួន៤ រួមមាន៖ ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH, ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH, កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA” ដែលជាថ្នាលរបស់រាជរដ្ឋាភិបាលមានមុខងារ និងអត្ថប្រយោជន៍សំខាន់ៗ។
– ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។
– ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។
– ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។
– កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖ ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។
ក.ប.ទ. អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ ឡើង ដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈនិងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក.ប.ទ. ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត