ព័ត៌មាន
បណ្តាក្រុមហ៊ុនវិនិយោគជប៉ុនបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម នៅកម្ពុជា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្ត, សាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម ក៏បន្ថែមថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាឱកាសនេះ មានក្រុមហ៊ុនជប៉ុន ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួនដូចជា៖ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថាសមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះសមាគមជប៉ុន-កម្ពុជា ដែលតែងតែបានចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-កម្ពុជា ជាពិសេសការពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។ សម្ដេចបវរធិបតី បានលើកឡើងថា វិស័យឯកជនរបស់ជប៉ុនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ចំពោះបណ្ដាក្រុមហ៊ុនវិនិយោគជប៉ុន ដែលចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ បន្ថែមលើនេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា ការណ៍ដែលសមាគមខិតខំជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ សម្ដេចបវរធិបតី ក៏បានគូសអំពីការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ចនិងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យសមាគមពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំផែនការឱ្យានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត