ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការវិភាគមុខងារក្រសួង ស្ថាប័ន គឺដើម្បីពង្រឹងស្ថាប័នកាន់តែរឹងមាំ បម្រើប្រយោជន៍ជាតិ និងប្រជាជន
ក្រសួងមុខងារសាធារណៈ ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅថ្ងៃទី ២០ ខែវិច្ឆិកានេះ បានបន្តរៀបចំ សិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃវិស័យសាធារណៈ»។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា កិច្ចការដ៏សំខាន់នេះ គឺជាភារកិច្ចដែលត្រូវបំពេញ ដើម្បីពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ពីគុណប្រយោជន៍ និងគោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន មិនមែនជាការវះកាត់រចនាសម្ព័ន្ធ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់មន្ត្រីនោះទេ ប៉ុន្តែគឺជាការពង្រឹងស្ថាប័នឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា “ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មិនមែនជាការងារថ្មីទេ។ រាជរដ្ឋាភិបាល នីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើទាំងអស់គ្នា ស្របពេលជាមួយគ្នា ហើយក្រសួង ស្ថាប័ននីមួយៗ គឺជាម្ចាស់នៃការងារនេះ។

ការងារនេះមិនមែនជាការងារដែលធ្វើឡើងដោយចៃដន្យនោះទេ តែជាការងារដែលធ្វើឡើងដោយមានការគិតគូរច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលបានតម្រង់ទិសពីរាជរដ្ឋាភិបាល និងជាមូលដ្ឋានកំណត់ក្នុងស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីពង្រឹងប្រសិទ្ធភាព នៃការរៀបចំ និងអនុវត្តមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយផ្អែកលើអភិក្រមនៃប្រព័ន្ធតួអង្គតែមួយ។ ភាពជោគជ័យនៃការធ្វើវិភាគមុខងារ របស់ក្រសួង ស្ថាប័ន នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ទៀត ឆ្ពោះទៅការសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម Igor Driesmans ឯកអគ្គរាជទូតសហភាពអ៊ឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា “សិក្ខាសាលានាពេលនេះ មានសារសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់ស្ថាប័ន ការពង្រឹងការអភិវឌ្ឍវិស័យសាធារណៈ គាំទ្រការត្រួសត្រាយផ្លូវប្រទេសកម្ពុជា ឆ្ពោះទៅរកគោលដៅឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។ ការពិនិត្យមុខងារ ឬការវិភាគមុខងារ ពិតជាមានសារសំខាន់ក្នុងការពង្រឹងស្ថាប័ន និងជាមូលដ្ឋានគ្រឹះក្នុងការដាក់នូវគោលនយោបាយប្រកបដោយប្រសិទ្ធភាព។” ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ការវិភាគមុខងារ បម្រើនូវគោលបំណងសំខាន់ៗ រួមមាន ការធានានូវការផ្តល់ទំនុកចិត្តដល់រាជរដ្ឋាភិបាល ការវាយតម្លៃស្ថាប័ន ការវាយតម្លៃធនធានមនុស្ស និងការកែលម្អឥតឈប់ឈរ៕ អត្ថបទ៖ គឹម ហុក



-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត