ព័ត៌មាន
សំណូមពរជាច្រើនរបស់ពលរដ្ឋខណ្ឌពោធិសែនជ័យត្រូវបានដោះស្រាយតាមរយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់
ប្រជាពលរដ្ឋនៅខណ្ឌពោធិសែនជ័យចំនួន ១៣នាក់បានលើកឡើងជាសំណើរ និងសំណូមពរជាច្រើន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ជុំវិញការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ និងស្នើកុំអោយជីកផ្លូវតបណ្តាញទឹកហើយទុកចោល។

ការលើកឡើងជាសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋខាងលើបានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ ក្រោមវត្តមាន ឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងបរិវេណវត្តអរុណវត្តី ផ្លូវបេតុង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង។

លោក ហ៊ុន សុរិទ្ធី បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ឆ្នាំ២០២៤ នៅខណ្ឌពោធិ៍សែនជ័យនេះ មានប្រជាពលរដ្ឋចំនួន ១៣នាក់បានលើកឡើងជាសំណើរ និងសំណូមពរ ស្មើនឹង ១៦បញ្ហា ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយ ដែលក្នុងនោះមានទាំងការសុំធ្វើប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ស្នើសុំធ្វើផ្លូវ ធ្វើប្រព័ន្ធលូ ស្នើសុំការស្តារប្រឡាយ និងស្នើកុំឱ្យជីកផ្លូវតបណ្តាញទឹកហើយទុកចោល។ រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋនេះ អាជ្ញាធរ និងមន្ទីរជំនាញបានដោះស្រាយជូនភ្លាមៗ។ ចំណែកប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន ១០០ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញនឹងយកមកដោះស្រាយនៅពេលក្រោយ។

លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់វេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពាក់ព័ន្ធសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ឬប្លន់នោះទេ មានន័យថា ការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព កងកម្លាំង និងអាជ្ញាធរអនុវត្តបានល្អ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋហើយ។

លោក ហ៊ុន សុរិទ្ធី បានបន្តទៀតថា វេទិកានេះពិតបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញយកទៅធ្វើការពិចារណា កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញអាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញយកទៅពិចារណាធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ។

ក្នុងឱកាសនោះដែរឯកឧត្ដម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលើការផ្តល់សេវាសាធារណៈបស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណងដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប។

ប្រជាពលរដ្ឋអាចលើកឡើងជាសំណើ និងសំណូមពរចំនួន ៤បញ្ហា នៅក្នុងវេទិកានេះ ដែលមានដូចជាទី១ បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។ ២ ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ៣ បរិស្ថាន សុខមាលភាពសង្គម ការបំម្រើសេវាសុខាភិបាល និងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយនៃការផ្តល់សេវានេះទេ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត