ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ ស្រ្តីដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថានៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញាំ និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។

នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើ នៅវិមានឋសភា នៅពរឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី បានប្រសាសន៍ថា ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ជាងនេះទៅទៀតស្ត្រីដើរតួយ៉ាងសំខាន់ ក្នុងការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច ពង្រឹងសាមគ្គីភាពសង្គម និងលើកកម្ពស់ធម្មានុភាពនយោបាយ។ ការចូលរួមចំណែករបស់ស្រ្តី ក្នុងដំណើរការនៃការផ្សះផ្សាជម្លោះ គឺអាចជំរុញការចូលរួមរបស់សហគមន៍ ក្នុងការដោះស្រាយជម្លោះ និងការស្វែងរកសន្តិភាព។
នៅពេលស្រ្តីមានតួនាទីកាន់តែសំខាន់នៅក្នុងសង្គមបែបនេះ សម្តេចប្រធានរដ្ឋសភាស្នើថា តាមរយៈអំណាចនីតិប្បញ្ញត្តិ សមាជិកសភាអាចប្រើប្រាស់ច្បាប់ ថវិកាជាតិ គោលនយោបាយ និងកម្មវិធី ដែលដាក់បញ្ចូល នូវរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងអភិបាលកិច្ចនិងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិ។ ការតស៊ូមតិ ការជជែកដេញដោល និងការអនុម័តច្បាប់ ដែលគាំទ្រដល់ការអនុវត្តរបៀបវារៈស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ជាកិច្ចការមួយដ៏សំខាន់ ដែលសមាជិកសភាត្រូវធ្វើ។

សូមជម្រាបថា សិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា មានអញ្ជើញចូលរួមពីសមាជិកសភាមកពី បណ្តាប្រទេសមួយចំនួនក្នុងសហគមន៍អាស៊ាន និងដៃគូមួយចំនួន។ សិក្ខាសាលានេះប្រារព្ធធ្វើនៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៨និង២៩ខែវិច្ឆិកាឆ្នាំ២០២៤។
នៅក្នុងពិធីបើកសិក្ខាសាលានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងផងដែរ ពីការរីកចម្រើនគួរឱ្យកត់សម្គាល់ នៅកម្ពុជាក្នុងការជំរុញនូវរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ។ ជាមោទនភាពជាខ្លាំង ដែលកម្ពុជាបានក្លាយជាប្រទេសដំបូងគេក្នុងចំណោមសមាជិកអាស៊ាន និងជាប្រទេសទីពីរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានរៀបចំរបាយការណ៍មានលក្ខណៈទូលំទូលាយ ស្តីពី “លទ្ធផល នៃការវាយតម្លៃឱកាស សម្រាប់ស្ត្រីក្នុងប្រតិបត្តិការសន្តិភាព” ដែលត្រូវបានបោះពុម្ភផ្សាយនៅឆ្នាំ ២០២៣។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់មភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចដល់ស្ត្រីនៅគ្រប់វិស័យ និងគ្រប់កម្រិត រួមទាំងកងកម្លាំងប្រដាប់អាវុធ ផងដែរ។ សម្តេចបានលើកឡើងថា ក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ បានអនុម័តឯកសារជាច្រើន ដើម្បីជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ រួមទាំងផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងឯកសារទស្សនទាន ស្តីពីការពង្រឹងយន្តការគាំទ្រ ដល់កងរក្សាសន្តិភាពស្ត្រីអាស៊ាន ដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងសេចក្តីសម្រេចចិត្ត ស្តីពីការលើកកម្ពស់តួនាទីសមាជិកសភាស្ត្រី ក្នុងការជំរុញរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានផ្តួចផ្តើម និងសហគាំទ្រដោយសភាកម្ពុជា ដែលត្រូវបានអនុម័តក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សមាជិកសភាក៏អាចដើរតួនាទីជាអ្នកកសាងសន្តិភាព ជាពិសេសក្នុងពេលមានវិបត្តិ។ សមាជិកសភាគួរយកចិត្តទុកដាក់ ប្រើប្រាស់តួនាទីដើម្បីបន្ធូបន្ថយនូវភាពតានតឹង ជំរុញការសន្ទនានិងការជឿទុកចិត្ត និងលើកទឹកចិត្តឱ្យមានដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះតាមរយៈការស្វែងយល់ពីបញ្ហាប្រឈម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សន្តិភាព និងសន្តិសុខ ពីការស្តាប់ពីតម្រូវការរបស់ប្រជាពលរដ្ឋ វាពិតជាមានតម្លៃហើយអាចឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ៕



-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)