ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជាជាប្រទេសឈានមុខមួយកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព
ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។ ខណៈកាលពីឆ្នាំ២០២៣កន្លងទៅកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ក្នុងឱកាស ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះដែរ តាងនាមរាជរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី បានចូលរួមជាមួយពិភពលោកទាំងមូល ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ា ឆ្ពោះទៅបញ្ចប់អេដស៍»។
ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តជារួមរបស់ពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានុងការលរួមចែរំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធក្នុងការប្រយុទ្ធទប់ស្កាត់ការរាលដាលនៃមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផល ប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍ឱ្យទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឆ្ពោះទៅបញ្ចប់អេដស៍ឱ្យបានឆាប់បំផុត។ សម្ដេចធិបតីមានប្រសាសន៍បញ្ជាក់ថា វឌ្ឍនភាពដ៏ច្រើននៃការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា ត្រូវបានផ្សារភ្ជាប់ដោយផ្ទាល់ជាមួយនឹងវឌ្ឍនភាពនៃការការពារសិទ្ធិមនុស្ស។ បន្ថែមលើនេះវឌ្ឍនភាពដែលសម្រេចបានក្នុងការឆ្លើយតបនឹងមេរោគ អេដស៍ និងជំងឺអេដស៍ ក៏បានធ្វើឱ្យមានវឌ្ឍនភាពកាន់តែប្រសើរក្នុងការអនុវត្តសិទ្ធិនៃការទទួលបានការថែទាំសុខភាពរបស់ប្រជាជន និងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។
ក្នុងឱកាសនេះសម្ដេចធិបតី ក៏បានអបអរសាទរចំពោះសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងនោះនៅឆ្នាំ២០២៣កន្លងទៅនេះប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាមានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍រហូតដល់ចំនួន ៩៨% នៃអ្នកដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំនួននៃការឆ្លងថ្មីបានធ្លាក់ចុះពី ១ ៤០០នាក់ ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១ ២០០នាក់ នៅឆ្នាំ២០២៣។
អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ កំពុងទទួលបាននូវ ផលប្រយោជន៍នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ ហើយគិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធីក្នុងត្រីមាសទី១ ឆ្នាំ២០២២ រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៤៦ ២០២នាក់ (ស្មើនឹង ៦៧%) នៃ ៦៩ ៤១៣ នាក់បានទទួលបណ្ណសមធម៌។
សម្ដេចធិបតីមានប្រសានស៍បញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំកម្មវិធីអេដស៍ប្រកបដោយភាពធន់ និងចីរភាព។ កម្ពុជាក៏កំពុងពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅជំរុញចរន្តជាតិមួយ ដ៏មុតស្រួច ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ជាមួយនឹងសមិទ្ធផលខាងលើកម្ពុជាកំពុងខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ៧ ០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ។
ដើម្បីឈានទៅ សម្រេចជោគជ័យនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនេះ គ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ ក្នុងការផ្តល់ មធ្យោបាយបង្ការ និងផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ ការប្រើឱសថបង្ការ មុនការប្រឈម (PrEP) ការប្រើឱសថបង្គារក្រោយការប្រឈម (PEP) និងការធ្វើតេស្តកមេរោគអេដស៍ជាដើម៕





-
ព័ត៌មាន3 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន5 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន5 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន2 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន5 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន2 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត