ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មលើកទឹកចិត្តវិស័យឯកជនបន្តសហការជាមួយរដ្ឋ ដើម្បីពង្រីកសក្តានុពលទីផ្សារនាំចេញ
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បន្តខិតខំប្រឹងប្រែងចូលរួមជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារសំខាន់ទាំងក្នុងតំបន់ និងសកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនានា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា កាលពីសប្តាហ៍កន្លងទៅនេះ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា គឺជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយតាមរយៈនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីជាផែនទីក្នុងការអភិវឌ្ឍវិស័យនេះទៅជាឧស្សាហកម្ម ប្រកបដោយចីរភាពបរិសថា មានភាពធន់ មានម្លៃបន្ថែមខ្ពស់ ផ្តោតលើផលិតផលថ្លៃខ្ពស់និងមានលក្ខណៈពិសេស។
លោកជំទាវរដ្ឋមន្រ្តី ក៏បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសមាគម និងអ្នកពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចពិគ្រោះយោបល់នៅពេលចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សិក្ខាសាលា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស និងវេទិកាធុរកិច្ចនានា ក្នុងការអភិវឌ្ឍ និងជំរុញការនាំចេញ ផលិតផលធ្វើដំណើរ និងវត្ថុធ្វើពីស្បែកនៅកម្ពុជា «ផលិតនៅកម្ពុជា – Made in Cambodia» ទៅកាន់ទីផ្សារតំបន់ និងពិភពលោក។
ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា មានប្រសាសន៍ឲ្យដឹងថា ទិសដៅការងារសម្រាប់ឆ្នាំខាងមុខនេះ សមាគមនឹងពង្រឹងក្រុមការងារវិនិយោគ ដោយបង្កើនទស្សនកិច្ចទៅកាន់តំបន់គោលដៅ ជាពិសេសប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ ក្នុងគោលបំណងទាក់ទាញការបណ្តាក់ទុនថ្មីៗបន្តទៀតនៅកម្ពុជា និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មានពិត ព័ត៌មានវិជ្ជមានស្តីអំពីស្ថានភាពនយោបាយសេដ្ឋកិច្ចនិងវិនិយោគ ដល់វិនិយោគិនឲ្យកាន់តែទូលំទូលាយនិងខ្លាំងក្លា។ បន្ថែមពីនេះ នឹងបន្តការធ្វើសិក្ខាសាលាដោយឥតគិតថ្លៃ ដើម្បីពញ្រ្ជាបព័ត៌មាន ច្បាប់វិធានថ្មីៗបំផុតដល់សមាជិក និងអ្នកវិនិយោគជាដើម។
ជាមួយគ្នានេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា សង្ឃឹមថា សម្រាប់ការនាំចេញការវិស័យកាត់ដេរខាងផ្នែកផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹងមានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូចជានយោបាយកម្ពុជារក្សាបាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តខ្ពស់មកកាន់កម្ពុជា ខណៈគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចការនាំចេញបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។
សូមបញ្ជាក់ជូនថា នៅក្នុងកម្មវិធី ពិសាភោជនាហារសាមគ្គីប្រចាំឆ្នាំរបស់សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជានេះដែរ ក៏មានការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នារបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ក៏ដូចជាការនាំចេញឱ្យកាន់តែរីកចម្រើន មានភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ៕ អត្ថបទ ឈិត បូរ៉ាវី









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត