ព័ត៌មាន
អនុប្រធានទី១ រដ្ឋសភា អនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលីចូលជួបសម្តែងការគួរសមមុនចេញទៅបន្តការសិក្សា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥ ចំនួន៣៤នាក់ ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ណែនាំ នៅវិមានរដ្ឋសភា មុនពេលចេញទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខ។
លោកស្រី ញឹម ដាលីន តំណាងនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលអូស្រ្តាលី បានឡើងមានមតិគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលបានផ្តល់កិត្តិយស និងឱកាសឱ្យក្រុមនិស្សិតជ័យលាភីទាំង៣៤នាក់ បានចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍នានា ដើម្បីក្រុមនិស្សិតបានសិក្សាស្វែងយល់ ជាពិសេសពីស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ជាពុទ្ធិបន្ថែមមុននឹងចេញទៅបន្តការសិក្សានៅបទេសអូស្ត្រាលី។
ឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ដ្ឋសភា បានមានប្រសាសន៍សំដែងការអបអរសាទរ និងបង្ហាញនូវមោទនភាព និងមានក្តីសប្បាយរីករាយចំពោះនិស្សិតទាំងអស់ និងក្រុមគ្រួសារ ដែលទទួលបានជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្រាលី គឺជាអាហារូបករណ៍មួយដែលមានការប្រកួតប្រជែងកម្រិតខ្ពស់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សង្ឃឹមថាក្រុមនិស្សិតទាំងអស់ នឹងជាចំណែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស សម្រាប់អភិវឌ្ឍសង្គមជាតិនាពេលអនាគត។
ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែង នូវអំណរគុណជាខ្លាំងដល់រដ្ឋាភិបាលអូស្រាលី និងប្រជាជន អូស្ត្រាលីដែលបានបន្តការគាំទ្រជាបន្តបន្ទាប់ ដល់ការស្តារសេដ្ឋកិច្ច-សង្គម កម្ពុជា ជាពិសេសបានបង្កើតឱ្យមានកម្មវិធីអាហារូបករណ៍អូស្ត្រាលី តាំងពី ឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ននេះ ដែលមាននិស្សិតជ័យលាភីចម្រុះ ទាំងនៅក្នុងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទៅសិក្សារៀនសូត្រ។
ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍បង្ហាញពីស្ថាប័ននីតិប្បញ្ញត្តិដល់ក្រុមនិស្សិតទាំងអស់បានយល់ដឹង ទាក់ទងនឹងកិច្ចការងារដែលរដ្ឋសភាបានខិតខំបំពេញយ៉ាងសកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឱ្យក្លាយជានីតិរដ្ឋ មានការអភិវឌ្ឍរីកចម្រើនជឿនលឿន ស្របទៅតាមតួនាទីភារកិច្ចដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាទៅលើមុខងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភា ជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភានីតិកាលទី៧ គឺដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានសា ឺជាស្រ្តីទី១ ក្នុងប្រវត្តិាស្រ្តកម្ពុជា ដែលបានទទួលនូវដំណែងដ៏ឧត្តុង្គឧត្តមនេះ។ ដោយសារឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ធ្លាប់ធ្វើជាសាស្ត្រាចារ្យ និងជាអ្នកចូលចិត្តសិក្សាស្រាវជ្រាវ និងជាអ្នករៀនសូត្រជារៀងរហូតមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានចែករំលែកបទពិសោធ ដល់ក្រុមនិស្សិតបានយល់ដឹងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានធ្វើការផ្ដាំផ្ញើឱ្យនិស្សិតទាំងអស់ រក្សាសាមគ្គីផ្ទៃក្នុងឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រទាំងនៅក្នុងថ្នាក់ និងស្វ័យរៀនសូត្រ ក៏ដូចជាការចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដល់និស្សិត ដែលមកពីបណ្តាប្រទេសនានា និងទទួលយកបទពិសោធន៍ថ្មីៗល្អៗពីនិស្សិតនានា ដែលជាការឆ្លុះបញ្ចាំងពីវប្បធម៌នៃការចែករំលែក និងការទទួលយក។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ សូមជួយផ្សព្វផ្សាយពីចំណុចវិជ្ជមានរបស់ប្រទេសកម្ពុជាឱ្យបានច្រើន រួមមានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការរីកចម្រើនលើគ្រប់វិស័យ រួមទាំងយុទ្ធសាស្រ្តដ៏ជោគជ័យនៃការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនដល់ប្រជាជនកម្ពុជា ដែលនាំឱ្យកម្ពុជា អាចបើកសេដ្ឋកិច្ចជាធម្មតាឡើងវិញជាដើម។ លើសពីនេះទៀត ត្រូវជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ជាពិសេសប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏ដូចជាជួយទាក់ទាញប្រជាជនអូស្ត្រាលី និងបណ្តាមិត្តភ័ក្ត្របរទេសដែលក្មួយៗស្គាល់ ឱ្យគេមកលេងប្រទេសកម្ពុជាឱ្យបានច្រើនថែមទៀត៕









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត