ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ក្រៅពីមានចំណេះជំនាញ មានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់
«ក្រៅពីមានចំណេះជំនាញច្បាស់លាស់និងមានសីលធម៌ល្អ យុវជនក៏ត្រូវយល់ដឹងពីសេរីភាពបញ្ចេញមតិក្នុងក្របខណ្ឌច្បាប់ និងការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់អ្នកដទៃ ដើម្បីឱ្យការសម្តែងមតិរបស់ខ្លួនធ្វើឡើងដោយមិនប្រឈមនឹងបញ្ហា ហើយមានប្រយោជន៍សម្រាប់សង្គម»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យធនធានមនុស្ស រួមទាំងសាស្រ្តាចារ្យ សមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបប្រមាណជិត ៤០០ នាក់។

ក្នុងបាឋកថានេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ចំណុចសំខាន់ៗនៃយុទ្ធសាស្ត្របញ្ចកោណដែលប្រកាសដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតសំខាន់លើមុំទី១ គឺការអភិវឌ្ឍមូលធនមនុស្ស។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានឆ្លៀតរំលេចអំពីសេរីភាពបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដោយឈរលើនីតិរដ្ឋ ក្នុងនោះ ការគោរពច្បាប់និងគោរពសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាលក្ខខណ្ឌចាំបាច់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ដូចជា កតិកាសញ្ញាអន្តរជាតិ ស្តីពី សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងសេចក្តីប្រកាសជាសាកល ស្តីពី សិទ្ធិមនុស្ស ដែលត្រូវបានអនុវត្តជាទូទៅនៅជុំវិញពិភពលោក។

ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ យុវជនត្រូវខិតខំរៀនសូត្រ និងធ្វើខ្លួនជាមនុស្សលេចធ្លោប្រកបដោយភាពប៉ិនប្រសព្វ និងមានទេពកោសល្យខ្ពស់។ ឯកឧត្តមបន្តថា បើសិនបើអាចធ្វើបាន យុវជននឹងក្លាយជាមូលធនដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិដែលជាសេចក្តីត្រូវការពិតប្រាកដរបស់រាជរដ្ឋាភិបាល។

បាឋកថានេះធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់សមណនិស្សិត និស្សិត អំពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា និងលើកទឹកចិត្តសមណនិស្សិត និស្សិតក្នុងការអភិវឌ្ឍមូលធនមនុស្សដ៏មានសក្តានុពល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ អាណត្តិទី៧ នៃរដ្ឋសភា រួមទាំងលើកកម្ពស់ការចូលរួមអភិវឌ្ឍសង្គមជាតិ ឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត