ព័ត៌មាន
ក្នុងជំនួបជាមួយសម្ដេចតេជោ, ទូតថ្មីឥណ្ឌា សន្យាពង្រីកពាណិជ្ជកម្ម និងជំរុញពលរដ្ឋឥណ្ឌាមកទស្សនាកម្ពុជា
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម វ៉ាន់ឡាល់វ៉ូណា ប៊យធ្លុង (Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបនេះថា នៅក្នុងឱកាសនោះសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ និងសាទរ ចំពោះឯកឧត្តមដែលទទួលបាននូវការតែងតាំងថ្មីជាឯកអគ្គរដ្ឋទូតឥណ្ឌថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោសង្ឃឹមថា ក្នុងអាណត្តិរបស់ឯកឧត្តមក្នុងនាមជាអ្នកបំពេញការទូតនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងឥណ្ឌាកាន់តែល្អប្រសើរបន្ថែមទៀត ហើយសម្ដេចតេជោ ក៏សង្ឃឹមថា ក្នុងពេលដែលកម្ពុជា-ឥណ្ឌាកំពុងតែមានទំនាក់ទំនងល្អជាមួយគ្នានេះនឹងអាចធ្វើឱ្យទំនាក់ទំនងនេះ ឈានទៅមួយកម្រិតទៀត។
ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលា និងអនុញ្ញាតឱ្យឯកឧត្តមបានចូលជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានរំលេចឡើងថា ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកម្ពុជាមានទំនាក់ទំនងល្អប្រសើរជាមួយគ្នា ជាពិសេសទំនាក់ទំនងលើកិច្ចសហប្រតិបត្តិការផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានប្ដេជ្ញាចិត្តថា នៅក្នុងអាណត្តិដែលឯកឧត្តមទទួលបេសកកម្មនេះ ឯកឧត្តមនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសទំនាក់ទំនងស្ថាប័ននីតិបញ្ញត្តិរបស់របស់ប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួត ក៏ដូចជាការផ្លាស់ប្ដូរទំនាក់ទមនងទ្វេភាគីឱ្យកាន់តែមានការកើនឡើងបន្ថែមទៀតផងដែរ។
ក្នុងឱកាសនោះឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានរម្លឹកឡើងថា ប្រទេសឥណ្ឌ និងកម្ពុជាមានចំណងទំនាក់ទំនងដ៏យូរអង្វែង ដោយចាប់តាំងពីឆ្នាំ ១៩៥២ មក ហើយនៅក្នុងឆ្នាំ ២០២៧ ខាងមុខ គឺជាខួប ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ដូច្នេះឯកឧត្តមបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ឥណ្ឌា ក្នុងការធ្វើការងារជាមួយកម្ពុជា ដើម្បីរៀបចំពិធីអបអរសាទរខួបទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសខួប ៧៥ឆ្នាំនេះឱ្យកាន់តែល្អប្រសើរ ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរផងដែរ។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា មានចំណុចសំខាន់ជាច្រើនទៀតដែលប្រទេសឥណ្ឌា និងកម្ពុជា ត្រូវពង្រឹងជាមួយគ្នា ដូចជាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាដើម ដែលជាចំណុចសំខាន់ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ជាការឆ្លើយតបសម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី មានប្រសាសន៍បញ្ជាក់ថា សម្ដេចមានការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលកន្លងមក គឺមានភាពល្អប្រសើរ ប៉ុន្ដែសម្ដេចចង់ឃើញទំនាក់ទំនងនេះនឹងឈានទៅដល់មួយកម្រិតបន្ថែមទៀតទាំងក្នុងក្របខណ្ឌនីតិបញ្ញតិ និងនីតិប្រតិបត្តិ។ សម្ដេចតេជោ ក៏បានជំរុញឱ្យមានការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ចទ្វេភាគីរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
សម្ដេចតេជោបានអបអរសាទរដែលពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើង ប៉ុន្ដែសម្ដេចបញ្ជាក់ថា កំណើននេះនូវមិនទាន់សមស្របចំពោះសក្ដានុពលសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនោះទេ ខណៈបច្ចុប្បន្ននេះទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរមានចំនួនជាង ៣៤០ លានដុល្លារ ដូច្នេះសម្ដេចចង់ឃើញនូវទំនាក់ទំនងផ្នែកពាណិជ្ជកម្ម វិនិយោគមានកំណើនបន្ថែមទៀតស្របទៅនឹងសក្ដានុពលរបស់ប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌា ជំរុញឱ្យមានជើងហោះហើររវាងកម្ពុជា និងឥណ្ឌាឱ្យមានចំនួនកាន់តែច្រើនថែមទៀតដើម្បីភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ខណៈប្រទេសឥណ្ឌមានប្រជាជនច្រើនដូច្នេះសម្ដេចសង្ឃឹមថានឹងមានទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជានឹងមានកំណើនកាន់តែច្រើនឡើង។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី បានសន្យា នឹងពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ជំរុញការធ្វើការងារជាមួយគ្នារវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសគឺការទាក់ទងអ្នកវិនិយោគឥណ្ឌាមកធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាឱ្យមានការកើនឡើងបន្ថែមទៀត និងពន្យល់ពលរដ្ឋឥណ្ឌាឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើនថែមទៀតផងដែរ៕





-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន5 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន5 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
PR NEWS14 hours agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន4 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន6 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា7 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន6 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)