ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនវិនិយោគឆ្នើមៗនៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន
ហ៊ឺណាន៖ កាលពីសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food Co.,Ltd.), ក្រុមហ៊ុនវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រថ្មីនៃក្រុងចឹងចូវ (Zhengzhou New Silk Road International Port Investment Co.,Ltd.) និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។

កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន” ជាមួយនឹងគោលបំណងក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក, ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគរបស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវសរុបប្រមាណជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។
មានមតិស្វាគមន៍ លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកជំទាវបានពិពណ៌នាជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗនៅទូទាំងផ្ទៃប្រទេស។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីមិត្តចិនជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតស្ញប់ស្ញែងជូនចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង, រដ្ឋបាលខេត្ត, និងរដ្ឋបាលមជ្ឈិម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕


-
ព័ត៌មាន1 week agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន5 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន5 days agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន5 days agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន5 days agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ