ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។
សន្និបាតនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ទីរមុខងារសាធារណៈ រាជធានី-ខេត្ត ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណ ៧០០នាក់។
ថ្លែងក្នុងពិធីបើកនាពេលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បានលើកឡើងអំពីសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចទៅបានកន្លងមកនេះ អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាងគឺ៖ ទី១.កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទី២.កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែយើងមាន ចក្ខុវិស័យ និងផែនការច្បាស់លាស់ មានរចនាសម្ព័ន្ធការងារត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមានថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគយល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។
ទី៣.កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការ សម្របសម្រួល និងគាំទ្រ ឈរលើអភិក្រម«ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ឈានទៅសម្រេចសមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈទំនើបរបស់កម្ពុជា។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លា ប្រកបដោយកិត្តិយសដ៏ឧត្តុងឧត្តមបន្ថែមលើអ្វីដែលជាសមិទ្ធផលកន្លងមក ក្រសួងពិតជាមានភាពចាំបាច់ក្នុងការកំណត់ ទិសដៅសម្រាប់ជំហានបន្ទាប់ ដោយផ្តើមចេញពីការវាយតម្លៃច្បាស់លាស់នូវបញ្ហា ប្រឈមនាពេលបច្ចុប្បន្ន ចំណុចខ្លាំង ចំណុចខ្សោយ និងនិន្នាការក្នុងពេលអនាគត ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រនានា ដើម្បីបន្តពង្រឹង និងកែលម្អអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលអាចបម្រើប្រជាជនបានកាន់តែល្អប្រសើរ។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានមោទនភាពណាស់ ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។”
សូមជម្រាបថា បន្ទាប់ពីពិធីបើកត្រូវបានបញ្ចប់ អង្គសន្និបាតមានការធ្វើបទបង្ហាញរបស់វាគ្មិនជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈ និងវេទិកាសំណួរ ចម្លើយ លើប្រធានបទដែលបានបង្ហាញ និងការងារពាក់ព័ន្ធ។ សន្និបាតនឹងប្រពឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា