ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ»
ភ្នំពេញ ៖ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក មហាសន្និបាតក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី៣ ទិសដៅការងារ និងបោះឆ្នោតជ្រើសរើសការិយាល័យក្រុមប្រឹក្សាអាណត្តិទី៤, នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី កោតសរសើរចំពោះគ្រូពេទ្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាជូនប្រជាជន និងសម្តែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យគ្រប់ថ្នាក់ ដែលបានខិតខំបំពេញការងារកន្លងមក និងបានរួមគ្នារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាគណៈគ្រូពេទ្យអាណត្តិទី៤ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព នៃការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង ពិសេសក្នុងបេសកកម្មជាគណៈគ្រូពេទ្យកម្ពុជា។
នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ដូចនីតិកាលមុនៗ ដែរ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ព្រមទាំងបានកំណត់ថា សុខភាពរបស់ប្រជាជនជាស្នូល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងមានចក្ខុវិស័យរយៈពេលវែងគឺ «ប្រជាជនកម្ពុជាទាំងអស់មានសុខភាព និងសុខុមាលភាពកាន់តែប្រសើរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ការចូលរួមរបស់តួអង្គពាក់ព័ន្ធ ពិតជាមានសារៈសំខាន់ជាសារវន្ត ដល់ការបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ព្រោះការធានាគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃសេវាសុខាភិបាល ជាភាពប្រឈមចម្បងសម្រាប់អ្នកជំងឺ អតិថិជន និងសមត្ថភាពនិយ័តកម្ម របស់ក្រសួងសុខាភិបាល ក៏ដូចជាតួអង្គពាក់ព័ន្ធទាំងអស់ ពិសេសគណៈវិជ្ជាជីវៈសុខាភិបាល ដែលជាតួអង្គសំខាន់ក្នុងការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលឹកដល់អង្គពិធី ត្រូវអនុវត្តឱ្យបានសុក្រឹត និងពេញលេញនូវបែបបទ និងនីតិវិធីនៃការបោះឆ្នោត។ ចំពោះអ្នកចូលរួមបោះឆ្នោត ត្រូវពិចារណាឱ្យបានហ្មត់ចត់ មុនសម្រេចចិត្តជ្រើសរើសតំណាងរបស់ខ្លួន។ ហើយចំពោះអ្នកជាប់ឆ្នោត ត្រូវបំពេញការងារ ឱ្យបានសមស្របតាមព្រះរាជក្រឹត្យ ច្បាប់ និងឯកសារគតិយុត្ត ជាធរមានស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិក សមាជិកានៃគណៈគ្រូពេទ្យកម្ពុជា ដោយត្រូវពង្រឹងបន្ថែមនូវ៖ ការចុះបញ្ជិកា ផ្តល់អាជ្ញាបណ្ណ និងបន្តសុពលភាពអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត, ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត, ត្រួតពិនិត្យជាប្រចាំនូវសម្បទាក្នុងការប្រកបវិជ្ជាជីវៈ និងធ្វើការពិនិត្យរាល់បណ្តឹង ឬការរាយការណ៍ដែលពាក់ព័ន្ធនឹងសម្បទាក្នុងការប្រកបវិជ្ជាជីវៈ, ពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ជាពិសេសត្រូវបំពេញការងារជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ជាគណៈគ្រូពេទ្យកម្ពុជា ត្រូវមានកាលះបង់ មានការទទួលខុសត្រូវ និងធ្វើឱ្យសង្គមទទួលស្គាល់ « ជារួម៖ តួនាទីរបស់គណៈគ្រូពេទ្យ គឺបម្រើភាពត្រឹមត្រូវរបស់គ្រូពេទ្យ សំដៅអត្ថប្រយោជន៍របស់អ្នកជំងឺ» និងត្រូវធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកប្រកបមុខរបរវិជ្ជាជីវៈ ហើយត្រូវធ្វើបទបង្ហាញឱ្យគាត់ដឹងអំពីច្បាប់ ក្រមសីលធម៌វេជ្ជសាស្ត្រ គរុកោសល្យ និងវិន័យ ដល់អ្នកជំងឺ ក្នុងការបម្រើសេវាឱ្យមានគុណភាព៕
អត្ថបទ រដ្ឋា













-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា