ព័ត៌មាន
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ នៃសាធារណរដ្ឋកូរ៉េ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការពង្រឹងសមត្ថភាពតំណាងរាស្រ្តនិង បណ្តុះបណ្តាលមន្រ្តីរដ្ឋសភា
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភានិងជានាយកខុទ្ទកាល័យ សម្តេចប្រធានរដ្ឋសភា និងលោកបណ្ឌិតគី ចឹងលី (Ki-Jeong Lee) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានិងសាកលវិទ្យាល័យ ក្នុងការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអប់រំបច្ចេកវិទ្យាឌីជីថល តាមអនឡាញសម្រាប់ពង្រឹងសមត្ថភាពជូនតំណាងរាស្រ្តនិងការបណ្តុះបណ្តាលដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ ក្នុងទីក្រុងសេអ៊ូល ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ខ្លឹមសារសំខាន់ៗនៅក្នុងអនុស្សរណៈនេះ បានគូសបញ្ជាក់ថា សាកលវិទ្យាល័យ ហាន់យ៉ាងសាយប៊ឺ នឹងផ្តល់អាហារូបករណ៍ពេញលេញចំនួន២០កន្លែង ដល់បេក្ខជនរបស់រដ្ឋសភាកម្ពុជា ក្នុងមួយឆ្នាំ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ អនុស្សរណៈក៏បានបញ្ជាក់ផងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកឱកាសបណ្តុះបណ្តាលបន្ថែម និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។
លោកបណ្ឌិតគី ចឹងលី បានគូសបញ្ជាក់ថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ ដែលនឹងឈានទៅការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត នាពេលអនាគត។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យហាន់យ៉ាងសាយប៊ឺ ដែលបានផ្តល់អាហារូបករណ៍ជូនតំណាងរាស្រ្ត និងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ។ សម្តេចបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជានៅគ្រប់ជំនាន់តំាងពីសម័យសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ជាពេលបច្ចុប្បន្ន ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំប្រកបដោយថាមវន្តនោះក៏ នៅតែផ្តល់អាទិភាពលើការកសាងធនធានមនុស្ស និងបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដូចមានចែងយ៉ាងច្បាស់ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាល់កាលទី១ អាទិភាពគន្លឹះចំនួន៥ សម្រាប់ការអភិវឌ្ឍប្រទេសជាតិមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ចំពោះរដ្ឋសភាវិញ នៅក្នុងនីតិកាលទី៧នេះ រដ្ឋសភាកម្ពុជាបានផ្តល់អាទិភាពដល់កំណែទម្រង់ និងទំនើបភាវូបនីយកម្មស្ថាប័ន តាមរយៈការអនុវត្តសភាឌីជីថល និងការអភិវឌ្ឍសមត្ថភាពរបស់សមាជិក សមាជិការដ្ឋសភា ក៏ដូចជាមន្រ្ដីជំនាញ នៃអគ្គលេខាធិការដ្ឋាន។ ចាប់តាំងពីការចាប់ផ្ដើមនីតិកាលទី៧ មករដ្ឋសភាបានរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជាច្រើន ដើម្បីពង្រឹង និងបង្កើនសមត្ថភាព និងវិជ្ជាជីវៈ ជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
សម្តេចបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងអាហារូបករណ៍ ដែលសាកលវិទ្យាល័យ Hanyang Cyber នឹងផ្តល់ជូនដល់រដ្ឋសភាកម្ពុជា គឺពិតជាមានតម្លៃ និងមានសារៈសំខាន់ណាស់ សម្រាប់ការលើកកម្ពស់ធនធានមនុស្ស និងសមត្ថភាពរបស់តំណាងរាស្រ្ត ក៏ដូចជាមន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ឆ្លើយតបទៅតម្រូវការជាក់ស្តែង និងជួយពន្លឿនដល់កំណែទម្រង់របស់រដ្ឋសភាក្នុងការឈានឆ្ពោះទៅកាន់សភាឌីជីថលនាពេលអនាគត៕








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា