ព័ត៌មាន
សម្តេច ស ខេង អំពាវនាវឱ្យបន្ដចូលរួមថែរក្សា អភិវឌ្ឍទីអារាមជាទីសការៈបូជា និងជារម្មនីយដ្ឋានទេសចរណ៍
ពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់-ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ រួមជាមួយនឹងព្រះចៅអធិការ គណៈកម្មការ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ក្នុងឱកាសនោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតបំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដោយព្រះរាជាណាចក្រកម្ពុជានៅតែបន្តផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនាការលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។

ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ បានឱ្យដឹងថា ព្រះវិហារវត្តគិរីជលសាកោះរ៉ុង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ម សាខន ស ខេង។ ព្រះវិហារនេះ មានទទឹង ១២,៦០ម៉ែត្រ បណ្តោយ ២៤ម៉ែត្រ សាងសង់លើខឿនប្រទក្សិណទទឹង ៣៣,៣០ម៉ែត្រ បណ្តោយ ៧៤,៧ម៉ែត្រ មានរានហាលនៅខាងមុខដំបូលព្រះវិហារសាងតាមរចនាបថព្រះវិហារជហ្វា ៨បុស្បុក ៥ថ្នាក់ ប្រក់ក្បឿងស្រកាលិញមានកម្ពស់ពីទ្រនាប់ខ្សាច់ ដល់កំពូលបុស្បុក ៣៥,៣៥ម៉ែត ដោយនៅខាងមុខប្រតិស្ឋានដងទង់ ១គូ ចំណែកផ្នែកខាងក្នុងព្រះវិហារប្រតិស្ឋានព្រះពុទ្ធបដិមា ព្រះអង្គជីសាងពីស្ពាន់ កម្ពស់ ៣,១២ ម៉ែត្រ លើជញ្ជាំង និងពិតានវិចិត្ររចនាដោយគំនូរបុរាណពុទ្ធប្បវត្តិ ព្រមទាំងកសាងមហាកុដិ វេច្ចកុដិ(បង្គន់) រោងបាយ ដាំដើមឈើ អណ្ដូងទឹក ស្ថាបនាផ្លូវបេតុង ជាដើម ចំណាយថវិកាប្រមាណ ២.៦៦៤.៤១៧ដុល្លារ ។
ឯកឧត្ដម បញ្ជាក់បន្ថែមថា វត្តគិរីជលសាកោះរ៉ុង មានផ្ទៃដីទំហំ ៤៧.៤៤០ម៉ែត្រការ៉េ មានព្រះសង្ឃគង់នៅ ៣៦អង្គ គណៈកម្មការអាចារ្យវត្ត ១១នាក់ យាយជី ១៥នាក់ ត្រូវបានផ្តួចផ្តើមកសាងឡើងជាដំបូងនៅឆ្នាំ១៩៩៧ ដោយឯកឧត្តម នាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ ព្រមទាំងសហការី ដែលឈរជើងនៅលើកោះរ៉ុង បានមូលមតិគ្នាជាឯកច្ឆ័នកសាងទីអារាម សម្រាប់ធ្វើជាទីសក្ការៈបូជា និងសម្រាប់ធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា ដោយដំបូងបានកសាងសាលាឆាន់ ១ខ្នង ធ្វើអំពីឈើប្រក់សង្ក័សី កុដិ ១ខ្នង ធ្វើពីឈើប្រក់ក្បឿង រៀបចំបរិវេណវត្ត កសាងព្រះវិហារ ១ខ្នង ធ្វើអំពីឈើប្រក់សង្ក័សី និងសាលាទទួលភ្ញៀវ ១ខ្នង។ អំពីវិស័យពុទ្ធសាសនា នៅក្នុងខេត្តមាន -វត្តចំនួន ៣៨ (គណៈមហានិកាយ ៣៦ និងគណៈធម្មយុត្តិកនិកាយ ២) ដែលមានព្រះសង្ឃសរុបចំនួន ៨៧៤អង្គ ។ -មជ្ឈមណ្ឌលវិបស្សនាធុរៈចំនួន ៤កន្លែង -អាស្រមចំនួន ៣កន្លែង។







-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦