ព័ត៌មាន
សម្ដេចធិបតី៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសហជីព, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ថា៖ ការបង្កើតការងារ មិនមែនបង្កើតតែបរិមាណនោះទេ ត្រូវគិតគូរដល់គុណភាពផងដែរ ដោយបង្កើតទាំងខាងក្នុងប្រទេស, ពិសេស ក្នុងមូលដ្ឋានដែលនៅជិតបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ, និងក្រៅប្រទេស ដោយត្រូវឈរលើគុណភាពជាអាទិភាព គឺ៖ ១/ បៀវត្សកាន់តែកើន, ២/ ជំនាញ បច្ចេកទេស, ៣/ គោរពច្បាប់ការងារ, ៤/ គោលដៅសុវត្ថិភាព និងសុខភាព គិតទាំងមាតាបិតា និងកូនៗ តាមរយៈកម្មវិធីសង្គមផ្សេងៗ។

បន្ថែមពីគុណតម្លៃនៃការបង្កើតការងារខាងលើ, សម្តេចបវរធិបតី បានគូសបញ្ជាក់ថា៖ ការអភិវឌ្ឍ និងការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគ និងវិស័យការងារ ក៏ដូចជា រោងចក្រសហគ្រាស គឺមានការកើនឡើងជាលំដាប់ ទាំងទំហំ និងបរិមាណ ដែលជាការវិនិយោគផ្ទាល់ពីវិនិយោគិន និងក្រុមហ៊ុនជាច្រើន មកពីបណ្តាប្រទេសជាច្រើន រួមមាន៖ ចិន,សហរដ្ឋ អាមេរិក, ជប៉ុន, កូរ៉េ, សិង្ហបុរី ជាដើម ហើយអ្វីដែលរិតតែពិសេស គឺមោទនភាព ដែលកូនខ្មែរមានសមត្ថភាពផលិតផលិតផលដោយខ្លួនឯង នៅលើទឹកដីកម្ពុជា ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ លើផលិតផលដែលបានផលិត និង មានដាក់ស្លាក Made in Cambodia សម្រាប់ទាំងការនាំចេញ និងទាំងការលក់ក្នុងស្រុក។ នេះជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលអាចវិវត្តខ្លួនជាប់រហូត ហើយទទួលបានផលដែលបានបង្ហាញច្បាស់ពីសមត្ថភាព និងការរីកចម្រើន។ បន្ថែមលើនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ចង់ឱ្យកូនខ្មែរកាន់តែរឹងមាំ និងមានភាពម្ចាស់ការលើខ្លួនឯង ដោយផ្ដោតលើការកសាងសមត្ថភាព ជំនាញ និងសុខភាព។ ក្រៅពីការបង្កើតការងារក្នុងស្រុក, រាជរដ្ឋាភិបាល ក៏បានស្វែងរកការងារជូនប្រជាពលរដ្ឋនៅក្រៅប្រទេសបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងជីវភាពរបស់ប្រជាពលរដ្ឋ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមអំពីការដោះស្រាយវិវាទការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកន្លងមកដោយបានធ្វើឡើង ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់ និងនៅជាធរមាន ។ ជាមួយគ្នានេះ, សូមសហជីពស្វែងយល់អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ឱ្យបានច្បាស់ ដើម្បីងាយស្រួលដោះស្រាយវិវាទការងារ ហើយសូមកុំឱ្យមានភាគីទីបីចូលរួមដែលអាចនឹងបណ្ដាលឱ្យបញ្ហានៅជាប់គាំង និងសូមកុំយករឿងអ្វីផ្សេងទៅពាក់ព័ន្ធនឹងវិវាទដែលកំពុងដោះស្រាយ។ ជាក់ស្តែង, រាជរដ្ឋាភិបាល និងសហជីព មិនមែនជាសត្រូវនឹងគ្នាឡើយ ហើយការដោះស្រាយបញ្ហាគឺត្រូវដោះស្រាយតាមវិធីសាស្ត្រឈ្នះ ឈ្នះ ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា និងស្របតាមច្បាប់។ និយោជក និងកម្មករនិយោជិត ប្រៀបដូចជាប្ដី និង ប្រពន្ធ ចំណែកឯរាជរដ្ឋាភិបាល គឺជាអណាព្យាបាល។ ហេតុនេះ សូមជំរុញសុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស ស្របតាមទិសស្លោក “ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដើម្បីថែរក្សាបរិស្ថានទាក់ទាញវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា។
ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា គោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញ គឺដើម្បីជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានការរីកចម្រើន និងអាចជួយបងប្អូនបានទាន់ពេល, ចំគោលដៅ និងជាពិសេស បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ផងដែរ៕

-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន4 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន4 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា6 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)