ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន៤របស់ជាតិ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីពិភាក្សាលើប្រធានបទសំខាន់ចំនួន ៤ របស់ជាតិ។

ក្នុងនោះរួមមាន៖ ទី១ ពិនិត្យ និងអនុម័តសុំណើរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលស្នើឡើងដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ទី២.ការពិនិត្យ និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ៣.ការពិនិត្យ និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៤.ការពិនិត្យ និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។

បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងរៀបចំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ តបតាមសំណើរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សមាជរដ្ឋសភា និងព្រឹទ្ធសភាជាដំណើរការលទ្ធិប្រជាធិបតេយ្យ និងការទទួលខុសត្រូវដ៏ខ្ពង់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ ដែលបានផ្តល់ការគំាទ្រ យ៉ាងច្រើនលើសលប់មកលើរាជរដ្ឋាភិបាលនៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ កាលពីថ្ងៃខែកក្កដា ឆ្នាំ២០២៣ កន្លងនេះ។
ជាការឆ្លើយតបចំពោះទំនុកចិត្តរបស់ប្រជាពលរដ្ឋបែបនេះហើយបានជារាជរដ្ឋាភិបាលស្នើសុំសភាដែលតំណាងឱ្យប្រជាពលរដ្ឋ រៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភាឡើង ក្នុងគោលបំណងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិនៅក្នុងរយៈពេលជិត២ឆ្នាំមកនេះ។
សមាជរដ្ឋសភា និងព្រឹទ្ធជាឱកាសវិសេសវិសាលមួយដែលរាជរដ្ឋាភិបាលបង្ហាញពីទំនួលខុសត្រូវចំពោះមុខពលរដ្ឋដោយនៅក្នុងនោះនឹងបង្ហាញពីលទ្ធផលការងារសម្រេចបានជិត២ឆ្នាំមកនេះ ជូនពលរដ្ឋនៅចំពោះមុខតំណាងរាស្រ្ត ដែលជាតំណាងពលរដ្ឋម្ចាស់ឆ្នោត។
សូមជម្រាបថា យោងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា សមាជរដ្ឋសភា និងព្រឹទ្ធសភាគឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភាដើម្បីដោះស្រាយបញ្ហាសំខាន់ៗ របស់ប្រទេសជាតិ ក្នុងករណីចំបាច់ ដូចជា៖ ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ឬករណីប្រធានសក្តិបណ្តាលឱ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ឬ ករណីផ្សេងៗទៀត ដែលគណៈកម្មការធិការសមាជយល់ឃើញថាជាបញ្ហាសំខាន់របស់ប្រទេសជាតិ។
ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្រ្តី អាចផ្តួចផ្តើមឱ្យមានការប្រជុំសមាជបាន។ ប្រធានសមាជ អញ្ជើញសមាជិករដ្ឋសភា និងព្រឹទ្ធសភាឱ្យចូលរួមប្រជុំសមាជ។ ច្បាប់សមាជរដ្ឋសភាព្រឹទ្ធសភាបានកំណត់ថា ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។ សមាជរដ្ឋសភា និងព្រឹទ្ធសភាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។ លទ្ធផលចេញពីសមាជជាលទ្ធផលឧត្តុងឧត្តម ខ្ពង់ខ្ពស់បំផុតដែលនឹងត្រូវចុះក្នុងព្រះរាជកិច្ច។ សមាជរដ្ឋសភា និងព្រឹទ្ធសភាពជាដំណើរលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ដែលមានប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសានាប្រទេសជាតិរបស់ខ្លួន៕






-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត