Connect with us

ព័ត៌មាន

កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ

(ភ្នំពេញ)៖ អញ្ជើញជាអធិបតីក្នុងពិធីបើក កិច្ចប្រជុំកំពូលវិស័យវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែមិថុនា នៅ សណ្ឋាគារ Raffles Hotel Le Royal ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់កម្ពុជាដែលផ្តល់ការងារដោយផ្ទាល់ដល់កម្មករនិយោជិតជាង ១,២លាននាក់ ទោះក្នុងវិបត្តិសាកល។

នៅចំពោះមុខអ្នកចូលរួមជាង ២០០នាក់ជាតំណាងស្ថាប័នរាជរដ្ឋាភិបាល សមាគមនិយោជក ម៉ាកលំដាប់ពិភពលោក ដៃគូអភិវឌ្ឍន៍ និងសហជីព ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការជួបជុំនេះបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការជំរុញនិរន្តរភាព នវានុវត្តន៍ និងភាពធន់រឹងមាំនៃវិស័យសេដ្ឋកិច្ចដ៏សំខាន់បំផុតនៃវិស័យនេះ ខណៈដែលឧស្សាហកម្មកាត់ដេរ វាយនភណ្ឌ និងស្បែកជើង (GFT)កំពុងប្រឈមវិបត្តិសាកលដែលប៉ះពាល់ដល់ប្រាក់ចំណេញពីការនាំចេញ កិច្ចប្រជុំនេះពិតជាសំខាន់ក្នុងការពិភាក្សា និងពិនិត្យគោលនយោបាយ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងយុទ្ធសាស្ត្រប្រតិបត្តិដែលនឹងជួយពង្រឹងជំហរកម្ពុជាក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្លៀកបំពាក់ពិភពលោក។

កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ។

ឯកឧត្តមបន្តថា វិស័យនេះនៅតែជាប្រភពចំណូលដ៏ធំបំផុតដែលរួមចំណែកប្រមាណ ៥០%នៃតម្លៃនាំចេញសរុប និងបន្តបង្ហាញកំណើនដ៏រឹងមាំប្រកបដោយចីរភាព ខណៈចំនួនសហគ្រាសក្នុងវិស័យ GFT និងវិស័យគាំទ្រដែលចុះបញ្ជីនៅក្រសួងបន្តកើនឡើង។ គិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានសហគ្រាសសកម្មប្រមាណ ២ពាន់ដែលផ្តល់ការងារដល់កម្មករនិយោជិតប្រមាណ ១,២លាននាក់។ វិស័យកាត់ដេរនៅតែរក្សាបាននូវចំណែកធំបំផុតទាំងចំនួនរោងចក្រ និងការងារដោយមានសហគ្រាសចំនួន ១ ៤៦៨ រោងចក្រផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២៧៥និងរោងចក្រផលិតស្បែកជើងចំនួន ២៣១។

កម្ពុជាបានក្លាយជាប្រភពផលិតកម្មប្រកបដោយការទទួលខុសត្រូវ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ ដោយផ្អែកលើសុខដុមនីយកម្មក្នុងវិស័យឧស្សាហកម្ម ក្របខ័ណ្ឌច្បាប់រឹងមាំ និងស្តង់ដាការងារដែលទទួលស្គាល់ជាអន្តរជាតិ។ ការផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលចំនួន ៨ ក្នុងចំណោម ១០នៃអង្គការ ILO និងគាំទ្រដោយកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា(BFC) ផ្តល់ជូនវិនិយោគិននូវបរិយាកាសធុរកិច្ចដែលមានតម្លាភាព ក្រមសីលធម៌ និងទទួលបានទំនុកចិត្តពីសហគមន៍អន្តរជាតិ។ ហេតុនេះ កម្ពុជាប្តេជ្ញាបន្តពង្រីកកម្មវិធី BFC និងអនុវត្តការងារប្រកបដោយសមធម៌ យន្តការដោះស្រាយវិវាទដោយប្រសិទ្ធភាព និងការគាំពារសង្គមដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងចីរភាព។

ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាបន្តប្រយុទ្ធប្រឆាំងនឹងពលកម្មដោយបង្ខំ ពលកម្មកុមារ អំពើហិង្សានិងការបៀតបៀននៅកន្លែងធ្វើការ និងក៏កំពុងចាត់វិធានការយ៉ាងសកម្ម ឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ ដូចជាភាពតានតឹងដោយកម្ដៅ ដោយសារការប្រែប្រួលអាកាសធាតុ។ ខណៈត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនៅឆ្នាំ២០២៩ កម្ពុជាកំពុងបំប្លែងបញ្ហាប្រឈមឱ្យជាឱកាសដោយធ្វើពិពិធកម្មសេដ្ឋកិច្ច សមាហរណកម្មពាណិជ្ជកម្ម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគលើការអភិវឌ្ឍជំនាញ ជាពិសេសកម្មវិធី TVET ១,៥ លានដែលផ្តល់ឱ្យកម្លាំងពលកម្មវ័យក្មេងនូវជំនាញបច្ចេកទេសកម្រិតខ្ពស់។

ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងភាគីពាក់ព័ន្ធទាំងអស់ ពង្រឹងភាពជាដៃគូជាមួយកម្ពុជាបន្ថែមទៀត តាមរយៈការគាំទ្រដល់សុវត្ថិភាពនៅកន្លែងការងារ ការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ការអភិវឌ្ឍជំនាញ និងលើកកម្ពស់សុវត្ថិភាពការដឹកជញ្ជូនសម្រាប់កម្មករនិយោជិត សម្រាប់កសាងឧស្សាហកម្មមួយដែលមានចីរភាព ភាពធន់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ និងផ្តល់ផលប្រយោជន៍ដល់កម្មករនិយោជិត សហគ្រាស វិនិយោគិន និងអ្នកប្រើប្រាស់ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលវែង។

តំណាងពីសហអ្នករៀបចំកិច្ចប្រជុំ រួមមាន អង្គការ ILO សមាគម TAFTAC និងអង្គការ GIZ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងផ្តល់ជាចំណេះដឹងនិងពិភាក្សាយ៉ាងផុសផុលសម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមក្នុងវិស័យនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia