Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង គាំទ្រចំណាត់ការបង្ក្រាបទំនិញ និងសាច់បង្កកនាំចូលពីប្រទេសថៃ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបការនាំចូលសាច់បង្កកខូចគុណភាពពីប្រទេសថៃ និងការអនុវត្តវិធានការផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា ចំណាត់ការខាងលើបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្នុងការការពារសុខភាព និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ពួកគាត់បានចាត់ទុកថា ការនាំចូលសាច់បង្កកខូចគុណភាព គឺជាបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ប្រជាពលរដ្ឋក៏បានស្វាគមន៍ចំពោះការចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើអ្នកនាំចូល ក៏ដូចជាមន្ត្រី និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅតាមច្រកព្រំដែន ដែលត្រូវបានរកឃើញថាមានការធ្វេសប្រហែស ឬពាក់ព័ន្ធក្នុងការអនុញ្ញាតឱ្យទំនិញខូចគុណភាពទាំងនេះចូលមកក្នុងប្រទេស។

ពួកគាត់បានស្នើឱ្យស្ថាប័នមានសមត្ថកិច្ចបន្តរឹតបន្តឹងការត្រួតពិនិត្យគុណភាពផលិតផលម្ហូបអាហារនាំចូល និងអនុវត្តច្បាប់ដោយស្មើភាព ដើម្បីធានាសុវត្ថិភាពចំណីអាហារ ការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់ទំនុកចិត្តលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពស្បៀងអាហារនៅកម្ពុជា។

ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងបានបង្ហាញក្តីរំពឹងថា ចំណាត់ការដ៏ម៉ឺងម៉ាត់នេះនឹងក្លាយជាគំរូល្អមួយក្នុងការទប់ស្កាត់ការនាំចូលទំនិញខូចគុណភាព និងរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល៕ ដោយ ៖ ហុង វាសនា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia