ព័ត៌មាន
សមាជិកអាស៊ាន និងប្រទេសចិនផ្លាស់ប្តូរបទពិសោធន៍គ្នាលើវិស័យអប់រំបច្ចេកទេស
សមាជិកអាស៊ាន និងប្រទេសចិន បានផ្តល់ប្តូរបទពិសោធន៍គ្នាលើវិស័យអប់រំបច្ចេកទេស តាមរយៈសិក្ខាសាលាមួយដែលប្រទេសកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ។
មជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស (SEAMEO TED) និង អង្គការ GO STUDY Global Education បានសហការរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” នៅសណ្ឋាគារ HYMAWARI រាជធានីភ្នំពេញ ចាប់ថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២៥ ។

នៅក្នុងសិក្ខាសាលា លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED បានមានប្រសាសន៍ថា សិក្ខាសាលានេះនឹងត្រួសត្រាយផ្លូវថ្មីបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងការផ្លាស់ប្តូរគ្រូបង្រៀន/សិស្សក្នុងវិស័យអប់រំវិជ្ជជីវៈ (TVET) ដោយក្នុងនោះប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍បានរក្សាទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង TVET ជាយូរមកហើយ។ លោកបានបញ្ជាក់បន្ថែមថា វេទិកាសហប្រតិបត្តិការអប់រំបច្ចេកទេសចិន-អាស៊ាន (CATECP) បានចែករំលែកវគ្គសិក្សាតាមអ៊ីនធឺណិតជាច្រើនពីប្រទេសចិនដល់អាស៊ាន ដោយក្នុងឆ្នាំ២០២៤ សាលាចិនសរុបចំនួន ៤១ បានចែករំលែកវគ្គសិក្សាជាង ៣០០ ក្រោមកិច្ចសហការសម្របសម្រួលរបស់រវាង CATECP អង្គការ Go Study Global Education និងមជ្ឈមណ្ឌល SEAMEO TED។ តាមរយៈបណ្តាញផ្សេងៗ CATECP បានពង្រីកវិសាលភាពនៃវគ្គសិក្សាទាំងនេះទៅកាន់ប្រទេសអាស៊ានទាំងអស់ ដោយមានសិស្សចំនួនជាង២សែននាក់បានចូលរួមក្នុងវគ្គសិក្សាទាំងនោះ។ លោកបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៥ សាលារៀនចិនជាង ១០០ មកពីខេត្តចំនួន ១៤ បានចូលរួមក្នុងគម្រោងនេះរួចហើយ ហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងបានធ្វើការជាមួយក្រសួងអប់រំក្នុងប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាម ប្រ៊ុយណេ និងប្រទេសដទៃទៀត ដើម្បីផ្សព្វផ្សាយពីវេទិកា CATECP ដល់គ្រឹះស្ថានឧត្តមសិក្សាជាង ២០០ នៅទូទាំងតំបន់។

លោកស្រីបណ្ឌិត ZHANG Xufeng អគ្គនាយករងនៃមន្ទីអប់រំនៃតំបន់ស្វយ័ត Guangxi Zhuang នៃសាធារណៈរដ្ឋប្រជាមានិតចិន បានលើកឡើងពីតួនាទីយ៉ាងសកម្មរបស់ តំបន់ស្វយ័ត Guangxi Zhuang ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការអភិវឌ្ឍធនធានរួមគ្នា ការបង្កើតមហាវិទ្យាល័យសិប្បករទំនើបចំនួន ១៧ និងរៀបចំកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរគ្រូ/សិស្សជាច្រើន។លើសពីនេះ អ្នកស្រីបណ្ឌិតបានស្នើនូវគំនិតផ្តួចផ្តើមចំនួនបីរួមមាន៖ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលក្នុងការកសាងសហគមន៍ការអប់រំវិជ្ជាជីវៈចិន-អាស៊ាន ការប្រើប្រាស់ AI ដើម្បីពង្រឹងដល់ការអប់រំទ្វេភាគី និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមកក្នុងចំណោមយុវជន។

លោកស្រីបណ្ឌិត Riam Chau Mai ប្រធានផ្នែកសហប្រតិបតិ្តការសហគមន៍ និងឧស្សាហកម្ម នាយកដ្ឋានពហុបច្ចេកទេស និងការអប់រំមហាវិទ្យាល័យសហគមន៍ នៃក្រសួងឧត្តមសិក្សា នៃប្រទេសម៉ាឡេស៊ី បានលើកសរសើរចំពោះភាពជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យរបស់លោកបណ្ឌិត អៃ សុងហ៊ាង នាយកមជ្ឈមណ្ឌល SEAMEO TED ក្នុងការជំរុញឧត្តមភាព TVET នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីកំពុងបោះជំហានទៅមុខក្នុងការរួមបញ្ចូលដំណោះស្រាយឌីជីថលក្នុងវិស័យអប់រំ តាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត និងការវាយតម្លៃកម្រិតខ្ពស់ ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយអ្នកដឹកនាំឧស្សាហកម្មដូចជា IBM និង AWS ដែលកំពុងពង្រឹងជំនាញឌីជីថលរបស់សិស្ស និងអ្នកអប់រំ ដើម្បីបំពេញតម្រូវការនៃឧស្សាហកម្ម 4. 0។

រីឯ ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្នុងនាមក្រសួងអប់រំកម្ពុជា ឯកឧត្តមបានលើកឡើងពីសារៈសំខាន់នៃជំនាញស្នូលដែលអ្នកអប់រំត្រូវមាន ដូចជា ការប្រាស្រ័យទាក់ទង ការដោះស្រាយបញ្ហា ការសម្របខ្លួន ការធ្វើការងារជាក្រុម ភាពវៃឆ្លាតខាងអារម្មណ៍ ការគិតជាយុទ្ធសាស្ត្រ និងជំនាញក្នុងការសម្រេចចិត្តប្រកបដោយភាពឆ្លាតវៃ និងរហ័ស។ ឯកឧត្តមបណ្ឌិតក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអភិវឌ្ឍន៍ជំនាញផ្សេងៗ ការសិក្សាពេញមួយជីវិត និងការខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមរដ្ឋាភិបាល ធុរកិច្ច និងស្ថាប័នអប់រំ ដើម្បីបំពេញតម្រូវការនៃវិស័យឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕
គួរបញ្ជាក់ដែរថា សិក្ខាសាលាអន្តរជាតិស្តីពី “ភាពជាដៃគូរវាងប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍លើកទី២ (2nd China-SEA Partnership Workshop)” ត្រូវបានរៀបចំឡើងក្នុងគោលបំណង កសាងទំនាក់ទំនង និងភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស និងដើម្បីផ្សារភ្ជាប់សាលាអប់រំបច្ចេកទេសតាមរយៈការចែករំលែកបទពិសោធន៍លើជំនាញបច្ចេកទេសពីអ្នកឯកទេសមកពីប្រទេសចិន និងប្រទេសសមាជិកអាស៊ាន ដែលមានអ្នកចូលរួម១៣៤រូប ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំស្ថាប័ន និងសាលាអប់រំបច្ចេកទេសមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងប្រទេសរុស្សីសរុបចំនួន៤៨ស្ថាប័ន។ប្រធានបទសំខាន់ៗចំនួន១៣ ដែលពាក់ព័ន្ធទៅនឹងបទពិសោធ និងការអនុវត្តល្អបំផុតនានាសម្រាប់ភាពជាដៃគូលើផ្នែកអប់រំបច្ចេកទេស ត្រូវបានចែករំលែកដោយវាគ្មិន ដែលជាអ្នកជំនាញអន្តរជាតិក្នុងវិស័យអប់រំបច្ចេកទេស៕ អត្ថបទ៖ទូច សោភ័ណ





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត