ព័ត៌មាន
នៅថ្ងៃទី១៦ ខែឧសភាស្អែកនេះរដ្ឋមន្រ្ដីក្រសួងបរិស្ថានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតងនៃតំបន់ភ្នំខ្នងផ្សារ
កំពង់ស្ពឺ ៖ ក្រសួងបរិស្ថាន តាមរយៈគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នឹងសម្ពោធ បើកការដ្ឋានសាងសង់ ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលំហែបៃតងនៃតំបន់ភ្នំខ្នងផ្សារ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័ន រដ្ឋបាលខេត្ត ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋជាច្រើននាក់ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការរៀបចំបើកការដ្ឋានសាងសង់ ផ្លូវចូលទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅ លំហែបៃតងតំបន់ភ្នំខ្នងផ្សារគឺឆ្លើយតបទៅ នឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៥ ដែលបានចុះបំពេញទស្សនកិច្ច នៅតំបន់ខ្នងផ្សារផ្ទាល់ ហើយបានជំរុញឱ្យ មានការរៀបចំកម្មវិធីអភិវឌ្ឍន៍ ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ដែលទទួលបានប្រយោជន៍ពីការផ្តល់សេវាកម្មទេសចរណ៍ និងបានចូលរួមចំណែក ដល់ការការពារនិងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ គម្រោងនឹងសាងសង់ផ្លូវចូល ទៅភ្នំខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យគោលដៅលំហែ ដ៏មានសក្តានុពល់ នៃឧទ្យានជាតិជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្តនៃមុំប្រសព្វនៃខេត្តកំពង់ស្ពឺ និងខេត្តកោះកុង សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាទីនេះឱ្យបានរិតតែច្រើន និងជួយលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ នឹងជួយផ្សព្វផ្សាយអំពីការគាំទ្រ របស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចសង្គម និងគោលដៅ លំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ និង២-ជំរុញចលនា ទេសចរណ៍ជាតិ អន្តរជាតិមកកម្សាន្តតំបន់កាន់តែច្រើន និងចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ សហគមន៍តំបន់ការពារធម្មជាតិតាំងបំពង់ ជាពិសេសសហគមន៍ទេសចរណ៍ខ្នងផ្សារ មានសក្តានុពលគោលដៅលំហែបៃតង នឹងទទួលចំណូលកាន់តែប្រសើរសម្រាប់ជីវភាព ពីការផ្តល់សេវាកម្មទេសចរណ៍ ការអភិវឌ្ឍមូលដ្ឋាន។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបរិស្ថានក៏មានគម្រោង រៀបចំបន្ថែមទៀតនៃរបៀងគោលដៅលំហែបៃតង ដែលមានតំបន់ខ្នងផ្សារ ខ្នងក្រពើ កន្លែងទេសភាព និងធម្មជាតិនានា នៃតំបន់ជួរភ្នំក្រវាញ ផ្សារភ្ជាប់ឆ្ពោះទៅកាន់តំបន់ទេទឹកពុះ និងបន្តមកតំបន់មាត់សមុទ្រថែមទៀត។
គួរបញ្ជាក់ថា ខ្នងផ្សារជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង មានវាលស្មៅដ៏ស្រស់ស្អាត មានខ្យលអាកាសបរិសុទ្ធ មានទេសភាព ធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលជាប្រថ្នានៃការចងមកសម្រាកកម្សាន្ត និងលំហែជាមួយធម្មជាតិបៃតងគ្រប់រដូវកាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ។ លើសពីនេះទៀត ទេសចរក៏អាច គយគន់ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងជ្រោះពពកផងដែរ ពិសេសគឺទេសភាព ៣៦០ឌឺក្រេដែលជួយលើកសម្រស់ភ្នំនេះ ឱ្យកាន់តែស្អាតនិងទាក់ទាញ ដែលគេអាចហៅបានថាជាឋានសួគ៌ក្រោមមេឃ៕








-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)
-
កីឡា5 days agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ