ព័ត៌មាន
និស្សិតចំនួន២១សាកលវិទ្យាល័យ ចូលរួមប្រកួតកម្មវិធីយុវជន២១ ឆ្នាំ២០២៥
ភ្នំពេញ៖ សិស្សនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជនចំនួន ២១សាកលវិទ្យាល័យ បានចូលរួមប្រកួតក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥ ប្រធានបទ “Technopreneureship: Innovation for Sustainability” ក្រោមការរៀបចំនៃក្រសួងអប់រំ យុវជន និងកីឡា ។
ក្នុងពិធីបើកវគ្គប្រកួតជម្រុះយក ១០ក្រុម នៃកម្មវិធី “យុវជន២១” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ លើកឡើងថា ឆ្នាំ២០២៥នេះ កម្មវិធី “យុវជន២១” រៀបចំឡើងមានចំនួន ៦វគ្គ ក្នុងនោះ វគ្គទី១. ការផ្សព្វផ្សាយជ្រើសរើសបេក្ខជន, វគ្គទី២. សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការផ្តួចផ្តើមគម្រោងអាជីវកម្ម, វគ្គទី៣. ការប្រកួតជម្រុះយក១០ក្រុម, វគ្គទី៤. វគ្គបណ្តុះបណ្តាលស្តីពី គំនិតអាជីវកម្មបែបឌីជីថល, វគ្គទី៥. ការចុះកម្មសិក្សា (Internship Program) និងវគ្គទី៦. វគ្គផ្តាច់ព្រ័ត្រ ប្រកួតប្រជែងយកជ័យលាភីលេខ១ លេខ២ និងលេខ៣ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។
ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញនូវមោទនភាព ចំពោះការចូលរួមយ៉ាងផុលផុសរបស់បេក្ខនិស្សិត មកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ហើយសូមលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ត្រូវមានមោទកភាព និងមានជំនឿលើខ្លួនឯង ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការធ្វើជាអ្នកដឹកនាំធុរកិច្ច ជាយុវសហគ្រិននាយុគសម័យឌីជីថល និងជាមូលធនយុវជន ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឱ្យរីកចម្រើន ។
ឯកឧត្តម បានបន្តថា កម្មវិធី “យុវជន២១” បានរៀបចំឡើងដោយមានទាំងការបណ្តុះបណ្តាល ការប្រកួតប្រជែង និងការចុះកម្មសិក្សាអនុវត្តគម្រោងជាក់ស្តែង ដើម្បីជាប្រទីបបំភ្លឺផ្លូវសម្រាប់ប្អូនៗ ក្នុងកិច្ចការសហគ្រិនភាព និងធុរកិច្ចបែបឌីជីថល ហើយមេរៀនជាច្រើនត្រូវបានរៀបចំឡើង ប្រកបការគិតគូរពិចារណាច្បាស់លាស់ ពីសំណាក់គណៈកម្មការរៀបចំ ដើម្បីធានាថាប្អូនៗអាចទទួលបានចំណេះ ជំនាញ និងបទពិសោធ ដើម្បីជាមេរៀន និងជាដំណោះស្រាយសម្រាប់អនាគតខាងមុខរបស់ខ្លួន ។
សម្រាប់សិស្សនិស្សិតចូលរួមប្រកួត បានបង្ហាញនូវការពេញចិត្ត និងគាំទ្រ ចំពោះកម្មវិធីនេះ ព្រោះបានជំរុញឲ្យពួកគេ បានពង្រឹងជំនាញរបស់ខ្លួន តាមរយៈការសិក្សាស្រាវជ្រាវបន្ថែម ក៏ដូចជាខិតខំស្ដាប់ការពន្យល់របស់សាស្ត្រាចារ្យ ស្ដាប់វាគ្មិនជំនាញៗ ជាពិសេសការផ្ដល់នូវឱកាស ការចូលរួមប្រកួតប្រជែងបញ្ចេញស្នាដៃ។
គួរបញ្ជាក់ថា កម្មវិធី “យុវជន២១” ជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០២១ រៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាព និងប្រែក្លាយយុវជនកម្ពុជានៅក្នុងសតវត្សរ៍ទី២១ឱ្យមានជំនាញ និងបំណិនប្រចាំជីវិត ជាពិសេសគឺជំរុញឱ្យយុវជនកម្ពុជា ចេះទាញយកអត្ថប្រយោជន៍ និងប្រើប្រាស់បច្ចេកវិទ្យា ក្នុងការដោះស្រាយបញ្ហា នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងរយៈពេល ៣ឆ្នាំកន្លងមក នៃការអនុវត្តកម្មវិធី យុវជន២១ កម្មវិធីពិតជាបានផ្តល់ផលជះយ៉ាងវិជ្ជមានដល់យុវជនកម្ពុជា ដោយក្នុងនោះសង្កេតឃើញថា ក្រុមយុវជនកម្មវិធីយុវជន២១ មួយចំនួន បានធ្វើបរិវត្តកម្មគម្រោងរបស់ខ្លួន ប្រែក្លាយទៅជាអាជីវកម្មជាក់ស្តែងយ៉ាងជោគជ័យនៅក្នុងទីផ្សារ ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន3 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន4 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន4 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)