ព័ត៌មាន
ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យគន្លឹះនៅកម្ពុជា
ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម។ លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។ លោកប្រធានក្រុមហ៊ុនក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណជា ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លើសពីនេះ, លោកប្រធានក្រុមហ៊ុនបានជម្រាបជូនដោយសង្ខេបអំពីដំណើរការ និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នក្រុមហ៊ុនកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈ ខណៈពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ក្រៅពីវិស័យអាកាសចរ, លោកប្រធានក្រុមហ៊ុនក៏បានបន្ថែមទៀតថា ក្រុមហ៊ុនក៏មានចំណាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀត ដូចជា វិស័យថាមពលស្អាត និងទឹកស្អាត នៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថានឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលជាការវិនិយោគ ឈ្នះ ឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ និង ជាពិសេស, ការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ព្រមទាំងបានអបអរសាទរចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុនVINCI និងកម្ពុជា(១៩៩៥-២០២៥)។ សម្ដេចបវរធិបតីបានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានា ដល់វិនិយោគិន ។ សម្រាប់វិស័យអាកាសចរ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយបើកចំហជើងមេឃ, ភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ដែលបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើនត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ជាក់ស្ដែង, កម្ពុជាបានចុះហត្ថលេខាលើការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយប្រទេសមួយចំនួន ដូចជាឥណ្ឌា និងកំពុងពង្រីកជើងហោះហើរត្រង់បន្ថែមទៀតទៅកាន់បណ្ដាប្រទេសមជ្ឈិមបូព៌ា ដែលការរីកចម្រើននៃការហោះហើរត្រង់នេះ នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលា លើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និង ជាអ្នកទេសចរ មកកម្ពុជាកាន់តែច្រើនថែមទៀត។ ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន, សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេច ក្នុង ការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។



-
ព័ត៌មាន6 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
PR NEWS1 week agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន7 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន7 days agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoសម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
-
កីឡា1 week agoក្រោយធ្លាក់ទៅលីគទីបីអង់គ្លេសអ្នកគាំទ្រ Leicester City ធ្វើបាតុកម្មប្រឆាំងម្ចាស់ក្លិបជនជាតិថៃ