ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា ទាមទារឲ្យអតីតទាហានព្រៃថៃ សូមទោសកងទ័ពខ្មែរជាសាធារណៈ ខណៈអាចឡើងដល់តុលាការ
ភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហាក់មិនទាន់ចង់ឲ្យករណីអតីតទាហានព្រៃថៃ ដែលបានវាយកងទ័ពខ្មែរ បញ្ចប់ដោយស្រួលៗនោះទេ គឺប្រមុខការពារជាតិកម្ពុជារូបនេះ បានទាមទារឲ្យមានការសូមទោសជាសាធារណៈ បើមិនដូច្នោះទេករណីនេះ អាចនឹងឡើងដល់តុលាការ ។

ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងនៅចំពោះមុខមន្ត្រី UN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការហួសចិត្ត នឹងករណីជនកំសាកជនជាតិថៃ ២នាក់ ក្នុងនោះម្នាក់ពាក់ឯកសណ្ឋានជាយោធាថៃ ដែលឆ្លៀតចាប់ដៃកងទ័ពខ្មែរ កំពុងឈរជើងនៅប្រាសាទតាមាន់ ហើយបានវាយទៅលើកងទ័ពខ្មែររួចនាំគ្នារត់បាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការខឹងសម្បារយ៉ាងខ្លាំង ។
ឯកឧត្តមបន្តថា ទោះបីជាបុគ្គលទាំង២នាក់នោះ បានសូមទោសរួចហើយក៏ដោយ ប៉ុន្តែក្នុងលក្ខណៈកំបាំងមុខ ដូចនេះ អំពាវនាវឲ្យពួកគេ ត្រូវធ្វើការសូមទោសជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការអស់ចិត្ត ហើយករណីនេះ នៅតែបន្តតាមដាន និងមិនឲ្យរួចផុតងាយៗនោះទេ ។
ជាមួយនេះ ប្រមុខការពារជាតិកម្ពុជា នៅតែប្រកាន់ជំហរស្របតាមការសម្រេច របស់រាជរដ្ឋាភិបាលលើករណីដោះស្រាយបញ្ហា ជាមួយប្រទេសថៃ ទាំងយន្តការអន្តរជាតិក្នុងសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ យន្តការទ្វេភាគី ដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ និងជំរុញឲ្យភាគីថៃ ត្រូវបើកច្រកទ្វារព្រំដែនជាលក្ខណៈឯកកត្តោភាគីទាំងអស់ជាមុនសិន ទើបកម្ពុជាអនុវត្តតាមក្រោយ ហើយគ្មានការចរចារលើករណីនេះនោះទេ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានណាមួយពីថៃ ទាំងកងទ័ពជើងគោក ជើងទឹក និងជើងអាកាស ប៉ុន្តែកម្ពុជានៅតែមានបំណងចង់ឲ្យមានការវិវត្តន៍ទៅរកមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ឡើងវិញ ក្នុងនាមជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ៕ អត្ថបទ បាន សុខរិទ្ធិ









-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត