ព័ត៌មាន
បទវិភាគ៖ «ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិ គឺជាឱកាសមាស សម្រាប់កម្ពុជា»
បន្ទាប់ពីមានហេតុការណ៍ទាហានថៃបីនាក់ដើរជាន់មីនបណ្តាលឱ្យដាច់ជើងម្នាក់និងរងបួសពីរនាក់កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ភាគីថៃបាននិងកំពុងធ្វើអាជីវកម្មលើរឿងនេះយ៉ាងសម្បើម។ ទាំងកងទ័ព ទាំងក្រសួងការបរទេស និងទាំងសារព័ត៌មានថៃហាក់ដូចជាមមាញឹកយ៉ាងខ្លាំងក្នុងការប្រឌិតរឿងទម្លាក់កំហុសមកលើកម្ពុជាតាមទម្លាប់អាក្រក់ឥតប្រែប្រួលរបស់ពួកគេ។
ជាដំបូង ពួកគេនាំគ្នាចោទប្រកាន់ទាំងបំពានគ្មានការពិតថា គ្រាប់មីនទាំងនោះទើបតែត្រូវបានដាក់ថ្មីៗនេះដោយទាហានកម្ពុជា។ ប៉ុន្តែ អ្វីដែលធ្វើឱ្យសាធារណជនហួសចិត្តនៅត្រង់ថា ពួកគេអះអាងថា មីននោះផ្ទុះនៅលើទឹកដីរបស់ខ្លួន តែបែរជាចោទថា ភាគីកម្ពុជាជាអ្នកបង្កប់ទៅវិញ។ ត្រង់នេះ វាហាក់ដូចជាការភូតកុហកនៅលើគោកពេកពីព្រោះបើទាហានទាំងនោះដើរនៅលើដីថៃ ហេតុអ្វីបានជាកងទ័ពកម្ពុជាអាចចូលទៅដាក់មីនកើត?
ទីបំផុត ការភូតកុហកនេះត្រូវបានបកអាក្រាតដោយក្រសួងការពារជាតិកម្ពុជាកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ តាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដោយបញ្ជាក់ថា កងទ័ពថៃបានបង្កើតតម្រាយផ្លូវថ្មីចូលក្នុងដីកម្ពុជាដោយខ្លួនឯងដោយខុសពីកិច្ចព្រមព្រៀង ហើយបានជាន់មីនដែលសល់ពីសម័យសង្គ្រាមក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់ទៀតថា កម្ពុជាបានដាស់តឿនភាគីថៃជាញឹកញាប់ឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវតម្រាយផ្លូវដែលបានឯកភាពគ្នាក្នុងការដើរល្បាតពីព្រោះតំបន់នោះមានគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។
ទោះបីជាកម្ពុជាបានដេញទាន់ជាន់កែងបែបនេះក៏ដោយ ក៏ភាគីថៃនៅតែអះអាងដោយមិនខ្មាសអៀនថា ខ្លួននឹងនាំយករឿងនេះទៅប្តឹងអង្គការសហប្រជាជាតិថាកម្ពុជាបំពានអនុសញ្ញាទីក្រុងអូតាវ៉ាស្តីពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ តាមពិត បើតាមទស្សនៈយល់ឃើញផ្ទាល់របស់ខ្ញុំ ការប្រកាសនាំយកសំណុំរឿងនេះទៅប្តឹងអង្គការសហប្រជាជាតិពីសំណាក់ភាគីថៃគឺជាដំណឹងល្អណាស់សម្រាប់កម្ពុជា ពីព្រោះថ្នាក់ដឹកនាំកម្ពុជាតែងប្រកាសម្តងហើយម្តងទៀតថា កម្ពុជាគឺជារដ្ឋអធិបតេយ្យមួយដែលគោរពច្បាប់អន្តរជាតិ និងយកច្បាប់អន្តរជាតិជាគោល។ ក្នុងន័យនេះ បំណងរបស់ថៃដែលចង់នាំយកសំណុំរឿងនេះទៅអង្គការសហប្រជាជាតិគួរតែត្រូវបានស្វាគមន៍ ហើយការនាំសំណុំរឿងផ្ទុះមីនទៅអង្គការសហប្រជាជាតិគឺជាភស្តុតាងថ្មីមួយទៀតដ៏មានទម្ងន់ ក្នុងការជំរុញរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
កន្លងទៅនេះ បន្ទាប់ពីមានព្រឹត្តិការណ៍ដែលទាហានថៃចូលទៅបាញ់កងទ័ពខ្មែរម្នាក់ឱ្យស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនាំយកសំណុំរឿងប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ប៉ុន្តែ រហូតមកដល់ពេលនេះ ភាគីថៃនៅតែបដិសេធមិនព្រមសហការដោយអះអាងថា ថៃមិនទទួលស្គាល់យុត្តាធិការតុលាកនេះឡើយ។
ដូច្នេះ ការដែលថៃនាំសំណុំរឿងផ្ទុះមីននៅមុំ៣ទៅប្តឹងអង្គការសហប្រជាជាតិគឺជាឱកាសល្អណាស់សម្រាប់កម្ពុជា ក្នុងការជំរុញឱ្យអង្គការសហប្រជាជាតិជួយដាក់សម្ពាធលើថៃដើម្បីឱ្យយល់ព្រមទៅដោះស្រាយនៅតុលាការ ICJ ពីព្រោះហេតុការណ៍ផ្ទុះគ្រាប់មីននេះក៏ស្ថិតនៅក្នុងតំបន់ដែលថៃទាមទារយកដីខ្មែរដែលកម្ពុជាបានដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះដែរ។ ដូច្នេះ មានតែតុលាការរបស់អង្គការសហប្រជាជាតិមួយនេះទេទើបអាចសម្រេចក្តីបានដោយយុត្តិធម៌លើសំណុំរឿងនេះ។
យើងសង្ឃឹមជឿជាក់ថា ពេលដែលថៃដាក់សំណុំរឿងនេះដល់អង្គការសហប្រជាជាតិ កម្ពុជាអាចប្រើប្រាស់ឱកាសនេះដើម្បីជំរុញឱ្យអង្គការសហប្រជាជាតិជួយគាំទ្រដើម្បីនាំយកសំណុំរឿងនេះទៅតុលាការអន្តរជាតិបាន ពីព្រោះអង្គការសហប្រជាជាតិមិនមែនជាស្ថាប័នកាត់ក្តីរឿងព្រំដែនទេ។ ម្យ៉ាងទៀត រឿងពីរផ្ទួនគ្នាដែលកើតនៅកន្លែងតែមួយ ហើយជាទីកន្លែងដែលភាគីនីមួយៗទាមទារថាជាដែនដីរបស់ខ្លួន ដូច្នេះ មានតែតុលាការយុត្តិធម៌អន្តរជាតិទេដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការសម្រេចសេចក្តី។ ក្រោមសម្ពាធរបស់អង្គការសហប្រជាជាតិ ថៃដែលជាសមាជិកអង្គការសហប្រជាជាតិដែរនោះប្រាកដជាពិបាកក្នុងការប្រកែកណាស់។ តើនេះមិនមែនជាឱកាសមាសសម្រាប់កម្ពុជាទេឬ?

-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន7 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន2 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ