ព័ត៌មាន
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប
គិតមកដល់ពេលនេះ កសិករសមាជិកនៃសហគមន៍កសិកម្មទំនើបស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំចំនួន ១៧៨ គ្រួសារបានងាកមកជ្រើសរើសដាំស្រូវសែនក្រអូបក្រោមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្នុងរដូវកាលនេះពួកគាត់ទទួលផលចំណេញច្រើនជាងអ្នកដាំស្រូវអូអឹមជិត១លានរៀល ក្នុង១ហិកតា។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងឱកាសចុះពិនិត្យការច្រូតស្រូវ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះថា ផលចំណេញរបស់ប្រជាកសិករនេះ បានមកដោយសារតែស្រូវសែនក្រអូបកំពុងលក់ចេញក្នុងតម្លៃ ១ ២៧០រៀល ក្នុងមួយគីឡូក្រាម ខ្ពស់ជាងថ្លៃស្រូវអូអឹមក្នុងរង្វង់ ៤៥០ រៀល ទោះបីជាស្រូវអូអឹមមានទិន្នផលខ្ពស់ជាងក៏ដោយ។ មួយផ្នែកទៀតបានមកពីការកាត់បន្ថយចំណាយលើធាតុចូល និងថ្លៃការប្រាក់ ជាពិសេសទទួលបានចំណេញពីថ្លៃជី រហូតដល់ទៅ ៣ម៉ឺនរៀលក្នុងមួយបាវ បើប្រៀបធៀបទៅនឹងថ្លៃដែលកសិករទិញជីរៀងៗខ្លួន។ ឯកឧត្តម បានបន្ថែមថា នារដូវកាលបន្ទាប់ខាងមុខនេះនឹងមានសមាជិកចូលថ្មីបន្ថែមទៀត ដែលធ្វើឱ្យផ្ទៃដីផលិតកម្មរបស់សហគមន៍ហក់ឡើងពី ១ ០០០ហិកតា រហូតដល់ទៅជាង ៥ ០០០ហិកតា។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីអត្ថប្រយោជន៍នៃការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ការជ្រើសរើសពូជយុទ្ធសាស្ត្ររបស់កម្ពុជាមកដាំ និងការចុះកិច្ចសន្យាទិញលក់ទុកជាមុន ព្រមទាំងបានណែនាំឱ្យសហគមន៍ត្រៀមផែនការឱ្យបានច្បាស់លាស់សម្រាប់ផលិតកម្មនៅរដូវកាលបន្ទាប់ ជាពិសេសការត្រៀមទុន ពូជ និងទីផ្សារ។
កសិករនៅក្នុងសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំ បានលើកឡើងដោយទឹកមុខសប្បាយរីករាយថា គិតមកដល់ពេលនេះ សហគមន៍បានដំណើរការរយៈពេលប្រមាណ ៧ខែមកហើយ ដោយទទួលសមាជិកកើនឡើងជាបន្តបន្ទាប់ ជាមួយនឹងផ្ទៃដាំដុះផងដែរ។ ក្រុមកសិករ បានរៀបរាប់ស្រដៀងគ្នាថា កាលពីកន្លងមក មិនទាន់ក្លាយជាសហគមន៍កសិកម្មទំនើប កសិករធ្វើស្រែតែងតែខាត ហើយមុនពេលធ្វើក៏តែងតែបារម្ភអំពីខ្វះទីផ្សារ ក៏ជាបារម្ភអំពីតម្លៃមិនច្បាស់លាស់ជាដើម។ ប៉ុន្តែ រហូតមកដល់ពេលនេះ បន្ទាប់ពីបានចងក្រងជាសហគមន៍ទំនើប គឺល្អប្រសើរច្រើនជាងពេលមុនៗ ដោយពិតជាទទួលបានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍ តាំងគោក ខេត្តកំពង់ធំនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម សិក្សារៀបចំប្រព័ន្ធស្រោចស្រពគោល ដើម្បីធានាឱ្យបានថា ការធ្វើផលិតកម្មស្រូវនៅក្នុងតំបន់នេះមានទឹកគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែង៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត